FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ដូណាល់ ត្រាំ ថាអាមេរិកទទួលបានប្រេងសរុបជាង ៨០លានបារ៉ែលពីវ៉េណេស៊ុយអេឡា (Video inside)

25-02-2026 13:24

(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មកទល់ពេលនេះ ទទួលបានប្រេងសរុបជាង ៨០លានបារ៉ែលហើយពីវ៉េណេស៊ុយអេឡា គិតចាប់តាំងពីទីក្រុងវ៉ាស៉ីនតោន បានទម្លាក់មេដឹកនាំប្រទេសអាមេរិកខាងត្បូងមួយនេះចេញពីអំណាច គឺលោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិជាលើកដំបូង គិតចាប់តាំងពីត្រឡប់មកកាន់អំណាចសាជាថ្មី លោក ត្រាំ បាននិយាយថា «យើងទទួលបានពីមិត្តនិងដៃគូថ្មីរបស់យើង គឺវ៉េណេស៊ុយអេឡា នូវប្រេងចំនួនជាង៨០លានបារ៉ែល។ មិនតែប៉ុណ្ណោះ ការផលិតប្រេងរបស់អាមេរិក បានកើនឡើងជាង៦០០ ០០០បារ៉ែលក្នុងមួយថ្ងៃ»

គួរបញ្ជាក់ថា លោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិក បើកប្រតិបត្តិការវាយប្រហារវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនលោក Maduro កាលពីដើមខែមករាកន្លងទៅ ហើយតាំងពីពេលនោះមក បានបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសវ៉េណេស៊ុយអេឡា ដើម្បីព្យាយាម​ជំរុញការផលិតប្រេងឡើងវិញ។ លោក Maduro និងភរិយា ឥឡូវកំពុងស្ថិតក្រោមការឃុំឃាំងនៅសហរដ្ឋអាមេរិក ដើម្បីរង់ចាំការកាត់ទោស​ក្រោមការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕