FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីចោទអ៊ុយក្រែន ថាចង់បានអាវុធនុយក្លេអ៊ែរ ដោយមានការជ្រោមជ្រែងពីអង់គ្លេស និងបារាំង (Video inside)

25-02-2026 11:43

(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ​បាន​ចោទប្រកាន់​អ៊ុយក្រែន​ថា កំពុង​ព្យាយាម​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ ដោយ​មាន​ជំនួយ​ពីចក្រភព​អង់គ្លេស ​និង​បារាំង ខណៈ​ដែលទីក្រុងកៀវ ចាត់ទុកថាវាជា​ការ​ចោទ​ប្រកាន់ដែល​មិន​សមហេតុផល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

ដោយមិនផ្តល់ភស្តុតាងណាមួយ សេវាចារកម្មបរទេស SVR របស់រុស្ស៉ី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយចំថ្ងៃខួបលើកទី ៤ឆ្នាំនៃសង្រ្គាម ថាអង់គ្លេស និងបារាំង ជឿជាក់ថាអ៊ុយក្រែន នឹងអាចទទួលបានលក្ខខណ្ឌអំណោយផលថែមទៀត សម្រាប់ការបញ្ចប់សង្រ្គាម ប្រសិនបើខ្លួនមានគ្រាប់បែកនុយក្លេអ៊ែរ ឬយ៉ាងហោចណាស់គ្រាប់ផ្ទុកសារធាតុវិទ្យុសកម្ម។ SVR ចោទប្រកាន់ទៀតថា ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស កំពុងធ្វើការយ៉ាងសកម្មលើការផ្តល់អាវុធនុយក្លេអ៊ែរ និងដឹកជញ្ជូនឱ្យអ៊ុយក្រែន ដោយប្រើរូបភាពមើលទៅដូចជាទីក្រុងកៀវ រកវាបានដោយខ្លួនឯង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង​ បាន​និយាយ​ថា ​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ «ព័ត៌មាន​មិន​ពិត»។ រីឯអ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Keir Starmer បាន​និយាយ​ថា «វា​គ្មានការ​ពិត​ទេ​ចំពោះ​រឿង​នេះ»។ ដោយឡែក លោក Heorhii Tykhyi អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ Reuters ថាសេចក្តីថ្លែងការណ៍របៀបនោះ អ៊ុយក្រែនបានបដិសេធច្រើនដងមកហើយពីមុនមក ហើយឥឡូវនេះយើងបដិសេធជាផ្លូវការម្តងទៀត ចំពោះការអះអាងរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បង្ហាញការសោកស្តាយដែលទីក្រុងកៀវ សម្រេចចិត្តបោះបង់ចោលអតីតឃ្លាំងអាវុធនុយក្លេអ៊ែរសូវៀត ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ប៉ុន្តែលោកថាទីក្រុងកៀវ មិនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរឡើងវិញទេ ហើយគោរពសន្ធិសញ្ញាអន្តរជាតិទាំងអស់៕