FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនយោបាយបារាំង៖ អាមេរិកក្រោមរដ្ឋបាលលោក ត្រាំ លែងជាសម្ព័ន្ធមិត្តរបស់បារាំងនិងអឺរ៉ុបទៀតហើយ (Video inside)

24-02-2026 22:58

(ប៉ារីស)៖ អ្នកនយោបាយឆ្វេងកណ្តាលនិយមបារាំង លោក Raphael Glucksmann បានប្រកាសថា អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ លែងជាសម្ព័ន្ធមិត្តរបស់បារាំង និងអឺរ៉ុបទៀតហើយ ដោយចោទថាទីក្រុងវ៉ាស៊ីនតោនកំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Glucksmann ដែលជាបេ​ក្ខជនសក្តានុពលសម្រាប់តំណែងប្រធានាធិបតីបារាំងឆ្នាំ២០២៧ បានសង្កត់ធ្ងន់ថា​ «យើងមិនមែនជារដ្ឋចំណុះអាមេរិកទេ ដូច្នេះរដ្ឋបាលអាមេរិកមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអឺរ៉ុបបានឡើយ» ដោយលោកបានជំរុញឱ្យមេដឹកនាំអឺរ៉ុបទាំងអស់ បង្ហាញជំហរតឹងរ៉ឹងបំផុតចំពោះទីក្រុងវ៉ាស៊ីនតោន។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរកំពុងតានតឹងខ្លាំង ជាពិសេសជុំវិញមហិច្ឆតារបស់លោក ត្រាំ ចង់គ្រប់គ្រងកោះ Greenland របស់ដាណឺម៉ាក និងចំណាត់ការរបស់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ដែលបានហាមឃាត់ឯកអគ្គរដ្ឋទូតអាមេរិក លោក Charles Kushner មិនឱ្យជួបរដ្ឋមន្ត្រីបារាំង ក្រោយលោកមិនព្រមចូលខ្លួនបំភ្លឺជុំវិញការបញ្ចេញមតិចម្រូងចម្រាសរបស់ស្ថានទូត ពាក់ព័ន្ធនឹងឃាតកម្មលើសកម្មជនបារាំងម្នាក់។

គួរបញ្ជាក់ថា ទោះបីជាលោក Glucksmann មិនទាន់ប្រកាសឈរឈ្មោះជាផ្លូវការក្តី ប៉ុន្តែលោកត្រូវបានគេចាត់ទុកជាបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយម្នាក់។ តាមការស្ទង់មតិថ្មីៗ លោកទទួលបានការគាំទ្រចន្លោះពី១១ ទៅ១៤ភាគរយ ដែលនាំមុខអតីតប្រធានាធិបតីបារាំង​ François Hollande ប៉ុន្តែនៅតាមពីក្រោយមេដឹកនាំស្តាំនិយមជ្រុល លោកស្រី Marine Le Pen នៅឡើយ៕