FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ កៀកឈានដល់កិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេងពីប្រទេសចិន (Video inside)

24-02-2026 21:08

(ឡុងដ៍)៖ អ៉ីរ៉ង់កំពុងខិតជិតសម្រេចកិច្ចព្រមព្រៀងទិញមីស៊ីលប្រឆាំងនាវាពីប្រទេសចិន ស្របពេលដែលអាមេរិកកំពុងដាក់ពង្រាយកងទ័ពជើងទឹកយ៉ាងសន្ធឹកសន្ធាប់ នៅក្បែរតំបន់ឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រភពស្និទ្ធនឹងការចរចាបានឱ្យដឹងថា កិច្ចព្រមព្រៀងទិញមីស៊ីល CM-302 របស់ចិននេះ គឺជិតឈានដល់ទីបញ្ចប់ហើយ។ មីស៊ីលល្បឿនលឿនជាងសំឡេង (Supersonic) នេះ មានចម្ងាយបាញ់២៩០គីឡូម៉ែត្រ និងអាចហោះក្នុងកម្ពស់ទាបដើម្បីគេចពីប្រព័ន្ធការពារ ដែលអ្នកជំនាញចាត់ទុកថាជាការផ្លាស់ប្តូរស្ថានការណ៍ទាំងស្រុង ព្រោះវាពិបាកនឹងបាញ់ស្ទាក់ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កងទ័ពជើងទឹកអាមេរិកក្នុងតំបន់។ ការចរចានេះត្រូវបានពន្លឿនយ៉ាងខ្លាំង ក្រោយសង្គ្រាម១២ថ្ងៃរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ កាលពីខែមិថុនា ដោយមានមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ធ្វើដំណើរទៅកាន់ប្រទេសចិនផ្ទាល់តែម្តង ដើម្បីជំរុញកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា សេតវិមានអាមេរិកមិនបានធ្វើអត្ថាធិប្បាយផ្ទាល់ពីរឿងនេះទេ តែបានរំលឹកពីការព្រមានរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលថាអាមេរិកនឹងមានចំណាត់ការក្តៅគគុក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើង។ ប្រសិនបើសម្រេចបានមែន ការផ្ទេរអាវុធដ៏ទំនើបនេះ នឹងក្លាយជាការបំពានយ៉ាងច្បាស់ទៅនឹងទណ្ឌកម្មហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ (UN) ដែលទើបដាក់កំហិតលើអ៉ីរ៉ង់ឡើងវិញ កាលពីខែកញ្ញាឆ្នាំមុន៕