FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអូស្ត្រាលី ត្រូវជម្លៀសចេញពីភូមិគ្រឹះជាបន្ទាន់ ក្រោយមានការគំរាមកំហែងសន្តិសុខ (Video inside)

24-02-2026 20:33

(ស៊ីដនី)៖ នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) ត្រូវបានបង្ខំឱ្យជម្លៀសចេញពីភូមិគ្រឹះផ្លូវការរបស់លោកជាបន្ទាន់ ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញទូរទស្សន៍ជាតិអូស្ត្រាលី ABC។

បណ្តាញព័ត៌មាន ABC បានរាយការណ៍ថា លោក អាល់បានីស ត្រូវបានជម្លៀសចេញពីភូមិគ្រឹះ The Lodge ក្នុងរដ្ឋធានីកង់បេរ៉ា ទៅកាន់ទីតាំងសុវត្ថិភាពមួយផ្សេងទៀតអស់រយៈពេលជាច្រើនម៉ោង មុនពេលអនុញ្ញាតឱ្យវិលត្រឡប់មកវិញ ក្រោយសមត្ថកិច្ចរកមិនឃើញមានអ្វីគួរឱ្យសង្ស័យ។ នគរបាលសហព័ន្ធអូស្ត្រាលី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរបស់ខ្លួនបានចុះអន្តរាគមន៍ភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍ពី «ហេតុការណ៍សន្តិសុខ» នៅវេលាម៉ោងប្រមាណ ៦ល្ងាច។

គួរបញ្ជាក់ថា ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ អាជ្ញាធរពុំបានរកឃើញវត្ថុឬសញ្ញាណាមួយដែលគួរឱ្យសង្ស័យឡើយ ហើយកងកម្លាំងនគរបាលបានបញ្ជាក់ដែរថា ពុំមានការគំរាមកំហែងណាមួយដល់សុវត្ថិភាពសាធារណៈនោះទេ។ ជុំវិញបញ្ហានេះ ការិយាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី បានសម្តែងការជឿទុកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិបត្តិការរបស់កងកម្លាំងនគរបាល៕