FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលិសប៉ាគីស្ថាន៥នាក់ និងជនស៊ីវិល២នាក់ នៅក្បែរព្រំដែនអាហ្វហ្គានីស្ថាន

24-02-2026 19:52

(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារ ក្រុមខ្មាន់កាំភ្លើងបានឆ្មក់បាញ់ប្រហារលើរថយន្តល្បាតមួយគ្រឿង នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ក្បែរព្រំដែនអាហ្វហ្គានីស្ថាន បណ្តាលឱ្យប៉ូលិស៥នាក់ និងជនស៊ីវិល២នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យប៉ូលិសប្រចាំទីក្រុង Kohat បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានបើកការវាយប្រហារ និងដុតបំផ្លាញរថយន្តល្បាតចោលតែម្តង ដោយក្នុងចំណោមប៉ូលិសដែលស្លាប់ គឺមានមន្ត្រីជាន់ខ្ពស់ម្នាក់ផងដែរ។ មកទល់ពេលនេះ មិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវឡើយ។ ហេតុការណ៍នេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារដោយដ្រូននិងកាំភ្លើង ដែលបានសម្លាប់កងកម្លាំងប៉ារ៉ា៣នាក់ នៅទីក្រុង Karak ក្បែរនោះ។

គួរបញ្ជាក់ថា អំពើហិង្សានេះកើតឡើងស្របពេលភាពតានតឹងតាមព្រំដែនកំពុងពុះកញ្ជ្រោលខ្លាំង។ កាលពីថ្ងៃសៅរ៍កន្លងទៅ ប៉ាគីស្ថានបានវាយប្រហារតាមអាកាសចូលដីអាហ្វហ្គានីស្ថាន ដោយអះអាងថាកម្ចាត់ទីតាំងភេរវករ ប៉ុន្តែទីក្រុងកាប៊ុលបានថ្កោលទោសទង្វើនេះថាជា «អំពើភេរវកម្ម» រំលោភអធិបតេយ្យភាព ដែលសម្លាប់ជនស៊ីវិល១៣នាក់ ខណៈរដ្ឋាភិបាលតាលីបង់ តែងតែច្រានចោលការចោទប្រកាន់ថា ខ្លួនបានផ្តល់ជម្រកដល់ក្រុមឧទ្ទាមប្រដាប់អាវុធ៕