ឯកអគ្គរដ្ឋទូតចិនទទួលបន្ទុកកាត់បន្ថយសព្វាវុធ៖ អាមេរិកចោទប្រកាន់ប្រទេសចិនពីបទធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ គឺគ្មានភស្តុតាងជាក់ស្តែងទាល់តែសោះ
24-02-2026 17:56
(ប៉េកាំង)៖ លោក Shen Jian ឯកអគ្គរដ្ឋទូតចិនទទួលបន្ទុកកាត់បន្ថយសព្វាវុធ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គជាន់ខ្ពស់ប្រចាំសប្តាហ៍នៃសន្និសីទស្តីពី ការកាត់បន្ថយសព្វាវុធនៅទីក្រុងហ្សឺណែវនៅថ្ងៃទី២៣ខែកុម្ភៈ ដោយបានអធប្បាយពីគោលជំហររបស់ប្រទេសចិនលើបញ្ហាចំណុចក្តៅខាងសន្តិសុខអន្តរជាតិ និងការកាត់បន្ថយសព្វាវុធនាពេលបច្ចុប្បន្ន។
លោក Shen Jian បានថ្លែងថា ដោយប្រឈមមុខនឹងស្ថានការណ៍សន្តិសុខអន្តរជាតិដ៏ស្មុគស្មាញនិងតឹងរ៉ឹង ប្រទេសចិនប្រកាន់ខ្ជាប់ នូវទស្សនៈស្តីពីភាពយុត្តិធម៌ កិច្ចសហប្រតិបត្តិការ តុល្យភាពនិងប្រសិទ្ធភាពក្នុងការកាត់បន្ថយសព្វាវុធ ហើយធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងសន្តិសុខអន្តរជាតិ និងកែលម្អអភិបាលកិច្ចសន្តិសុខសកល។ ការកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរគឺជា ការធានាដ៏សំខាន់សម្រាប់គាំពារស្ថិរភាពយុទ្ធសាស្ត្រសកល។
ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្មវត្ថុ និងគោលដៅនៃ «សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដោយគ្រប់ជ្រុងជ្រោយ»។ អាមេរិកចោទប្រកាន់ប្រទេសចិនពីបទធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាងជាក់ស្តែងទាល់តែសោះ វាគ្រាន់តែជាលេសដើម្បីប្រឌិតរឿង សម្រាប់ការដំណើរការឡើងវិញនូវការធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ។ ប្រទេសចិនសូមដាស់តឿនឱ្យសហរដ្ឋអាមេរិករំលឹកឡើងវិញ នូវពាក្យសន្យាស្តីពី "ការផ្អាកធ្វើតេស្តនុយក្លេអ៊ែរ" របស់រដ្ឋមានអាវុធនុយក្លេអ៊ែរទាំងប្រាំ ដើម្បីគាំទ្រគំនិតឯកភាពរួមជាសកល ស្តីពីការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន
