អូស្រ្តាលី បើកការស៉ើបអង្កេតជុំវិញការរើសអើងប្រឆាំងជនជាតិជ្វីហ្វ ក្រោយករណីបាញ់ប្រហារកាលពីឆ្នាំមុន (Video inside)
24-02-2026 15:56
(ស៉ីដនី)៖ អូស្រ្តាលី នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ បានបើកការស៉ើបអង្កេតមួយ ដែលមានការគាំទ្រពីរដ្ឋាភិបាល ទៅលើនិន្នាការរើសអើងស្អប់ខ្ពើមជនជាតិជ្វីហ្វ ជុំវិញការបាញ់ប្រហារសម្លាប់មនុស្ស ១៥នាក់ អំឡុងការរៀបចំព្រឹត្តិការណ៍របស់ជនជាតិជ្វីហ្វ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ករណីដែលបានកើតឡើងនៅឆ្នេរ Bondi ទីក្រុងស៉ីដនី កាលពីខែធ្នូ ឆ្នាំមុន ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអូស្រ្តាលីមានច្បាប់កាំភ្លើងតឹងរ៉ឹង និងបានជំរុញឱ្យមានការអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងថែមទៀត ហើយចាត់វិធានការប្រឆាំងពួកអ្នកស្អប់ជនជាតិជ្វីហ្វ។
ការស៉ើបអង្កេតធ្វើឡើងដោយ Royal Commission ជាស្ថាប័នស៉ើបអង្កេតរបស់រដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអូស្ត្រាលី ដែលអាចបង្ខំមនុស្សឱ្យផ្តល់ភស្តុតាង នឹងត្រូវបានដឹកនាំដោយចៅក្រមចូលនិវត្តន៍ លោកស្រី Virginia Bell។ ស្ថាប័ននឹងពិចារណាលើព្រឹត្តិការណ៍បាញ់ប្រហារ ក៏ដូចជាគំនិងរើសអើងស្អប់ជនជាតិជ្វីហ្វ និងការរួបរួមក្នុងសង្គមអូស្ត្រាលី ហើយត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីការរកឃើញរបស់ខ្លួន នៅខែធ្នូ ចុងឆ្នាំនេះ។
គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងមានឈ្មោះ Sajid Akram និងកូនប្រុស ឈ្មោះ Naveed Akram បានទទួលឥទ្ធិពលជ្រុលនិយម របស់ក្រុម ISIS។ ជនសង្ស័យ Sajid Akram ត្រូវបានប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុ ចំណែក Naveed Akram ដែលត្រូវបាញ់សម្លាប់ដែរប៉ុន្តែនៅរស់ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ រួមទាំងការចោទប្រកាន់ចំនួន ១៥ ពីបទឃាតកម្ម និងបទល្មើសភេរវកម្ម៕


