FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ិកស៉ិកដាក់ពង្រាយទាហាន១០០០០នាក់ ដើម្បីបង្រ្កាបអំពើហិង្សាដែលបានផ្ទុះឡើង ក្រោយការសម្លាប់មេឧក្រិដ្ឋជនគ្រឿងញៀន (Video inside)

24-02-2026 14:44

(ម៉ិកស៉ីកូ)៖ ម៉ិកស៉ិកបានដាក់ពង្រាយទាហានសរុប១០ ០០០នាក់ ដើម្បីបង្រ្កាបអំពើហិង្សា ដែលបានផ្ទុះឡើងយ៉ាងកក្រើក ដោយសារតែការសម្លាប់មេឧក្រិដ្ឋជនគ្រឿងញៀនធំបំផុតម្នាក់ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

មេគ្រឿងញៀនមានឈ្មោះថា Nemesio Oseguera ហៅ El Mencho ដែលជាមេដឹកនាំបណ្តាញឧក្រិដ្ឋជន Jalisco New Generation Cartel (CJNG) ដ៏មានឥទ្ធិពលនៅក្នុងប្រទេសម៉ិកស៉ិក បានរងរបួសកាលពីថ្ងៃអាទិត្យ អំឡុងការបាញ់ប្រយុទ្ធគ្នា​ជាមួយកងកម្លាំងយោធាម៉ិកស៉ិក នៅក្រុង Tapalpa ក្នុងរដ្ឋ Jalisco ហើយបានស្លាប់អំឡុងពេលដឹកតាមយន្តហោះឆ្ពោះទៅកាន់​រដ្ឋធានីម៉ិកស៉ីកូ។ El Mencho មានតម្លៃខ្លួនរហូតដល់១៥លានដុល្លារ នៅក្នុងបញ្ជីឧក្រិដ្ឋជន ដែលអាមេរិកតាមចាប់។

ដំណឹងនៃការស្លាប់របស់ El Mencho បានបង្កឱ្យមានការផ្ទុះអំពើហិង្សាយ៉ាងរីករាលដាល ដោយពួកសមាជិកក្រុមឧក្រិដ្ឋជន បានចេញបិទផ្លូវធ្វើដំណើរ នៅជាង២០រដ្ឋ ហើយធ្វើសកម្មភាពបាញ់ប្រហារ ព្រមទាំងដុតបំផ្លាញយានយន្ត និងអាជីវកម្មនានា។ បើតាមអាជ្ញាធរម៉ិកស៉ិក អំឡុងប្រតិបត្តិការលើ El Mencho និងការប៉ះទង្គិចគ្នា ដែលកើតឡើងបន្ទាប់ពីពេលនោះ សមាជិកកងកម្លាំងសន្តិសុខយ៉ាងហោច២៧នាក់ ឧក្រិដ្ឋជន៤៦នាក់ និងជនស៉ីវិលម្នាក់ បានស្លាប់។

ទោះបីឥឡូវភាពស្ងប់ស្ងាត់ ភាគច្រើនហាក់បានវិលត្រឡប់មកវិញក៏ដោយ អាជីវកម្មជាច្រើននៅបន្តបិទទ្វារ។ នៅទីក្រុង Guadalajara ដែលជារដ្ឋធានីនៃរដ្ឋ Jalisco សាលារៀននៅតែមិនទាន់បើក ហើយមធ្យោបាយដឹកជញ្ជូនសាធារណៈភាគច្រើន ត្រូវបានផ្អាក។ អំពើហិង្សាកាលពីចុងសប្តាហ៍ ក៏បានប៉ះពាល់ខ្លាំងចំពោះទីក្រុងរីសត Puerto Vallarta ដែលពេញនិយម​ជាមួយក្រុមភ្ញៀវទេសចរអាមេរិកផងដែរ។ ក្រោយអំពើហិង្សាបានផ្ទុះឡើង ប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានប្រឆាំងការធ្វើដំណើរមកកាន់តំបន់មួយចំនួនរបស់ម៉ិកស៉ិក។

គួរបញ្ជាក់ថា ក្រុម CJNG ត្រូវបានទីក្រុងវ៉ាស៉ីនតោន ចាត់ថ្នាក់ជាអង្គការភេរវករ ហើយរងការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយ​ការបញ្ជូនគ្រឿងញៀនចម្រុះប្រភេទ ចូលទៅកាន់សហរដ្ឋអាមេរិក។ ប្រតិបត្តិការខាងលើ ដែលធ្វើឡើងដោយយោធាម៉ិកស៉ិក ក្រោមការជួយគាំទ្រផ្នែកចារកម្មពីយោធាអាមេរិក គឺកើតមានចំពេលដែលម៉ិកស៉ិករងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយលំហូរគ្រឿងញៀនចូលអាមេរិក បើមិនចង់ប្រឈមផលវិបាក៕