FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីហុងគ្រី ប្រកាសថានឹងទៅចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ (Video inside)

08-02-2026 14:15

(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រី លោក Viktor Orban បាននិយាយថា រូបលោកនឹងធ្វើដំណើរទៅកាន់​ទីក្រុងវ៉ាស៉ីនតោន ក្នុងរយៈពេល២សប្តាហ៍ទៀត ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ AFP នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនា មុនការបោះឆ្នោតសកលនៅហុងគ្រី ដែលគ្រោងធ្វើឡើងក្នុងខែមេសាខាងមុខ លោក Orban បាននិយាយដូច្នេះថា «រយៈពេល២សប្តាហ៍ទៀត ពួកយើងនឹងជួបគ្នាម្តងទៀតនៅទីក្រុងវ៉ាស៉ីនតោន ដោយសារក្រុមប្រឹក្សាសន្តិភាព នឹងបើកកិច្ចប្រជុំដំបូង»។ លោក Orban គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់លោក ត្រាំ នៅក្នុងសហភាពអឺរ៉ុប ហើយលោកបានទៅចូលរួមពិធីបើកសម្ពោធក្រុមប្រឹក្សាសន្តិភាព កាលពីខែមុន អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯទីក្រុង ​Davos នៃប្រទេសស្វ៉ីស។

ដំបូងឡើយក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានផ្តួចផ្តើមឡើង សម្រាប់ផ្តោតតែលើតំបន់ហ្កាហ្សាប៉ុណ្ណោះ ប៉ុន្តែធម្មនុញ្ញរបស់ក្រុមប្រឹក្សា ហាក់មិនកំណត់តួនាទីរបស់ខ្លួន ត្រឹមចំពោះដែនដីប៉ាឡេស្ទីនទេ និងទំនងជាចង់​ប្រជែងជាមួយ​អង្គការសហប្រជាជាតិ (UN) ថែមទៀត។

គួរបញ្ជាក់ថា កាលពីខែមករា លោក ដូណាល់ ត្រាំ បានសម្ពោធជាផ្លូវការក្រុមប្រឹក្សាសន្តិភាព ដែលមានរូបលោកផ្ទាល់ជាប្រធាន និងដែលលោកអះអាងថាមានតួនាទីដោះស្រាយជម្លោះនៅជុំវិញពិភពលោក ដោយធ្វើឱ្យក្រុមអ្នកជំនាញបារម្ភថា ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អង្គការសហប្រជាជាតិ៕