FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CEO កាសែតអាមេរិក Washington Post លាលែងពីតំណែង ក្រោយមានការរិះគន់ខ្លាំងជុំវិញការជម្រុះបុគ្គលិកទ្រង់ទ្រាយធំ

08-02-2026 10:14

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ស្ថាប័នកាសែត Washington Post នៅសហរដ្ឋអាមេរិក បានប្រកាសថា នាយកប្រតិបត្តិ (CEO) របស់ខ្លួន គឺលោក Will Lewis នឹងលាលែងពីតំណែងភ្លាមៗ ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីការជម្រុះបុគ្គលិកទ្រង់ទ្រាយធំ ដែលបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Lewis ដែលជាជនជាតិអង់គ្លេស ត្រូវបានជំនួសដោយលោក Jeff D'Onofrio អតីត CEO របស់ប្រព័ន្ធបណ្តាញសង្គម Tumblr ដែលបានចូលរួមធ្វើការជាមួយ Washington Post ក្នុងតួនាទីជានាយកហិរញ្ញវត្ថុ CFO កាលពីឆ្នាំមុន។ ការលាលែង​ពីតំណែងរបស់លោក Lewis កើតមានឡើង ក្រោយបុគ្គលិករបស់កាសែត Washington Post រាប់រយនាក់ ត្រូវបានបញ្ឈប់ពី​ការងារ ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្នុងនោះមិនបានប្រាប់ពីតួលេខនៃបុគ្គលិកដែលត្រូវបានជម្រុះទេ ប៉ុន្តែកាសែត New York Times បានរាយការណ៍ថា មានប្រហែល៣០០នាក់ ក្នុងចំណោមអ្នកកាសែតសរុប៨០០នាក់របស់ Washington Post។

ទាំងបុគ្គលិកនិងអ្នកគាំទ្រស្ថាប័នកាសែតនេះ បានបញ្ចេញប្រតិកម្មមិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តកាត់បន្ថយបុគ្គលិក ក្នុងទ្រង់ទ្រាយធំដូចខាងលើ ហើយកាលពីថ្ងៃព្រហស្បតិ៍ មនុស្សខ្ទង់រយនាក់បាននាំគ្នាទៅធ្វើបាតុកម្មតវ៉ា នៅមុខទីស្នាក់ការកណ្តាល​របស់ Washington Post ក្នុងរដ្ឋធានីវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា ស្ថាប័នកាសែតនៅទូទាំងសហរដ្ឋអាមេរិក បានប្រឈមមុខជាមួយបញ្ហាធ្លាក់ចុះប្រាក់ចំណូលនិងអ្នកជាវ ចំពោះមុខ​ការរីកសុសសាយ នៃបណ្តាញទំនាក់ទំនងសង្គម និងបញ្ហាសិប្បនិម្មិត AI។ ទោះជាបែបនេះក្តី សារព័ត៌មានធំៗដទៃទៀត ដូចជា New York Times និង Wall Street Journal ហាក់ទប់ទល់ជាមួយបញ្ហាបាន ហើយទទួលបានលទ្ធផលហិរញ្ញវត្ថុរឹងមាំ ជាអ្វីដែល Washington Post សូម្បីមានកំពូលមហាសេដ្ឋី លោក Jeff Bezos នៅពីក្រោយក៏ដោយ មិនអាចធ្វើបាន៕