កូនប្រុសរបស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ (Video inside)
04-02-2026 09:32
(ទ្រីប៉ូលី)៖ កូនប្រុសរបស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi គឺលោក Seif al-Islam Kadhafi ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ដោយខ្មាន់កាំភ្លើងមួយក្រុមដែលបានសម្រុកចូលក្នុងផ្ទះរបស់លោកនៅក្នុងទីក្រុង Zintan ស្ថិតនៅភាគខាងលិចនៃប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
AFP ដោយផ្អែកលើមេធាវីជាជនជាតិបារាំងរបស់លោក Seif al-Islam លោក Marcel Ceccaldi បានឱ្យដឹងទៀតថាកូនប្រុសរបស់លោក Kadhafi ត្រូវបានសម្លាប់ កាលពីម៉ោង២រសៀល ថ្ងៃអង្គារ នៅក្នុងផ្ទះរបស់លោកនៅទីក្រុង Zintan ដោយកុម្ម៉ង់ដូរ៤នាក់។ ចំណែក លោក Abdullah Othman Abdurrahim ជាទីប្រឹក្សា របស់លោក Seif al-Islam បានប្រាប់ទូរទស្សន៍ Al-Ahrar ថាខ្មាន់កាំភ្លើង៤នាក់មិនស្គាល់អត្តសញ្ញាណបានសម្រុកចូលក្នុងផ្ទះរបស់លោក Seif al-Islam កម្ទេចកាមេរ៉ា សុវត្ថិភាព ហើយបាញ់សម្លាប់រូបលោកតែម្ដង។ ភ្លាមៗគេមិនទាន់ដឹងថាតើនរណាជាអ្នកនៅពីក្រោយការបាញ់សម្លាប់លោក Seif al-Islam នោះទេ។
គួរបញ្ជាក់ថា លោក Seif al-Islam មានអាយុ៥៣ឆ្នាំ កាលពីឆ្នាំ២០២១ ធ្លាប់បានប្រកាសថារូបលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតសកល តែការបោះឆ្នោតនេះត្រូវបានពន្យារពេលដោយមិនមានកាលកំណត់មកទល់នឹងសព្វថ្ងៃ៕



