FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់អះអាងពីភាពរីកចម្រើនឆ្ពោះទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក (Video inside)

01-02-2026 14:05

(ប៉ារីស)៖ មន្ត្រីសន្តិសុខកំពូលរបស់អ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា បាននិយាយថាមានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បើទោះជាភាពតានតឹងរវាងប្រទេសទាំង២ មិនទាន់មានភាពធូរស្រាលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ពិតជាកំពុងចរចាគ្នាពិតមែន បន្ទាប់ពីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់ លោក Ali Larijani បាននិយាយថាតេហេរ៉ង់កំពុងត្រៀមខ្លួនសម្រាប់កិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈមានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចចរចា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានលើកឡើងថាអ៉ីរ៉ង់គួរតែយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកមិនដឹងនោះទេថាតើអ៉ីរ៉ង់នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀង បែបនេះឬក៏អត់?

«អ៉ីរ៉ង់កំពុងសន្ទនាជាមួយពួកយើង ហើយយើងនឹងបានឃើញថាតើយើងត្រូវធ្វើអ្វីមួយឬ៏អត់? ឬក៏យើងនឹងបានឃើញថាតើនឹងមានរឿងអ្វីកើតឡើង។ យើងមានកងនាវាចម្បាំងដ៏ធំកំពុងធ្វើដំណើរ សំដៅទៅរកអ៉ីរ៉ង់»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំប្រាប់ទូរទស្សន៍ Fox News។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ផងដែរ ក្រសួងការបរទេសកាតាបានឱ្យដឹងថានាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani ដែលមានតួនាទីជារដ្ឋមន្ត្រីការបរទេសផងដែរនោះ បានចូលរួមពិភាក្សាក្នុងទីក្រុងតេហេរ៉ង់ជាមួយលោក Ali Larijani កាលពីថ្ងៃសៅរ៍ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់៕