លោក ត្រាំ ប្តឹងទីភ្នាក់ងារប្រមូលពន្ធ និងក្រសួងហិរញ្ញវត្ថុអាមេរិក ទារសំណង១០ពាន់លានដុល្លារ ជុំវិញការលេចធ្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក កាលពីប៉ុន្មានឆ្នាំមុន (Video inside)
30-01-2026 14:06
(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចប្តឹងទីភ្នាក់ងារប្រមូលពន្ធ IRS និងក្រសួងហិរញ្ញវត្ថុ ដោយទាមទារសំណងចំនួន១០ពាន់លានដុល្លារ ជុំវិញការធ្វើឱ្យលេចធ្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំ២០១៩និងឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ពាក្យបណ្តឹងដែលដាក់ទៅកាន់តុលាការសហព័ន្ធនៅទីក្រុង Miami បាននិយាយថា ស្ថាប័នទាំងពីរខាងលើ បរាជ័យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យអតីតបុគ្គលិកជាប់កិច្ចសន្យារបស់ IRS ឈ្មោះ Charles Littlejohn ទម្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ត្រាំ រួមជាមួយកូនប្រុស និងក្រុមហ៊ុន Trump Organization របស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ យ៉ាងណាមិញ ការដាក់ពាក្យបណ្តឹងនេះ ធ្វើឱ្យលោក ត្រាំ ស្ថិតក្នុងស្ថានភាពមួយខុសពីធម្មតា ព្រោះស្ថាប័នទាំងពីរគឺជាផ្នែកនៃរដ្ឋាភិបាល ដែលរូបលោកផ្ទាល់កំពុងតែដឹកនាំ។
គួរបញ្ជាក់ថា ចាប់តាំងពីឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី២ កាលពីចុងឆ្នាំ២០២៤មក លោក ត្រាំ បានដាក់ពាក្យបណ្តឹងជាច្រើន ដោយទាមទារសំណងរាប់ពាន់លានដុល្លារ។ តួយ៉ាង លោកបានប្តឹងកាសែត New York Times និងក្រុមហ៊ុនបោះពុម្ពសៀវភៅ Penguin Random House ទារប្រាក់ចំនួន១៥ពាន់លានដុល្លារ ជុំវិញអត្ថបទចុះផ្សាយនិងសៀវភៅ ដែលលោកចោទថា មានបំណងបំផ្លាញឱកាសជាប់ឆ្នោតរបស់លោក។ ក្រៅពីនោះ លោក ត្រាំ ក៏កំពុងស្វែងរកសំណង១០ពាន់លានដុល្លារ ពីកាសែត Wall Street Journal និង១០ពាន់លានដុល្លារផ្សេងទៀត ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស BBC ផងដែរ៕



