អាមេរិកកត់ឈ្មោះថៃចូលក្នុងបញ្ជីនៃប្រទេសត្រូវស្ថិតក្រោម ការឃ្លាំមើលគោលនយោបាយទីផ្សារជួញដូររូបិយបណ្ណបរទេស (Video inside)
30-01-2026 13:58
(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជូលប្រទេសថៃ ទៅក្នុងបញ្ជីនៃក្រុមប្រទេស ដែលត្រូវបានស្ថិតក្រោមការឃ្លាំមើលគោលនយោបាយទីផ្សារជួញដូររូបិយបណ្ណបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួនសម្រេចរឹតបន្តឹងការត្រួតពិនិត្យគោលនយោបាយទីផ្សារជួញដូររូបិណ្ណបរទេស នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង ការលូកលាន់ដដែលមានគោលដៅទប់ ការឡើងថ្លៃឬធ្លាក់ចុះនៃរូបិបណ្ណរបស់ប្រទេសនីមួយៗ ធៀបនឹងលុយដុល្លារ។ ទោះបង្កើនការត្រួតពិនិត្យក៏ដោយ ក្រសួងហិរញ្ញវត្ថុអាមេរិក មិនបានចោទប្រកាន់ជាផ្លូវការ ចំពោះដៃគូពាណិជ្ជកម្មធំណាមួយ ថាបានលូកលាន់ឬអនុវត្តគោលនយោបាយទីផ្សារជួញដូររូបិយបណ្ណបរទេស ដែលមិនត្រឹមត្រូវនោះឡើយ។ ប៉ុន្តែប្រទេសថៃ ត្រូវបានកត់ឈ្មោះចូលបញ្ជីឃ្លាំមើលនៃក្រុមប្រទេស ដែលតម្រូវឱ្យមានការតាមដានដិតដល់ជាពិសេស។
គួរបញ្ជាក់ថា បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក ការសម្រេចចិត្តកត់បញ្ចូលឈ្មោះថៃ គឺដោយសារតែប្រទេសអាស៊ានមួយនេះ មានអតិរេកពាណិជ្ជកម្មខ្ពស់ខ្លាំង ទាំងក្នុងការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ និងជាមួយសហរដ្ឋអាមេរិកផ្ទាល់។ ប្រការនេះនាំឱ្យថៃចូលរួមជាមួយប្រទេសនិងដែនដី៩ផ្សេងទៀត ដែលបន្តស្ថិតក្នុងបញ្ជីនោះ គឺដូចជាចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វ៉ីស៕
