លោក ត្រាំ គំរាមដំឡើងពន្ធលើប្រទេសណា ដែលលក់ប្រេងឱ្យគុយបា (Video inside)
30-01-2026 13:27
(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញបញ្ជាប្រតិបត្តិមួយ គំរាមដំឡើងពន្ធបន្ថែម លើប្រទេសទាំងឡាយណា ដែលលក់ប្រេងឱ្យទៅគុយបា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ខ្លឹមសារនៃបទបញ្ជាចេញផ្សាយដោយសេតវិមាន បាននិយាយថា ពន្ធគយបន្ថែមអាចនឹងត្រូវដាក់ទៅលើ ការនាំចូលទំនិញដែលជាផលិតផលរបស់ប្រទេសណាមួយ ដែលលក់ប្រេងដោយផ្ទាល់ឬមិនផ្ទាល់ដល់គុយបា។ បទបញ្ជានោះហៅរដ្ឋាភិបាលគុយបា ថាជាគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយចោទរបបដឹកនាំគុយបាថា បានចូលដៃនិងផ្តល់ការគាំទ្រដល់ប្រទេសជាគូបដិបក្ខ ក្រុមភេរវករអន្តរជាតិ និងតួអង្គអាក្រក់ជាច្រើន ដែលគំរាមកំហែងចំពោះសហរដ្ឋអាមេរិក ក្នុងនោះរួមមានដូចជារុស្ស៉ី ចិន អ៉ីរ៉ង់ ព្រមទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា។
គួរបញ្ជាក់ថា គុយបាដែលជាប់ទណ្ឌកម្មរបស់អាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ធ្លាប់ទទួលបានប្រេងភាគច្រើនមកពីប្រទេសវ៉េណេស៊ុយអេឡា។ ប៉ុន្តែចាប់តាំងពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែនេះ លោក ត្រាំ បានគ្រប់គ្រងវិស័យប្រេង របស់ប្រទេសអាមេរិកឡាទីនមួយនេះ ហើយបានប្តេជ្ញាថាបញ្ឈប់លំហូរប្រេងទៅកាន់គុយបា ប្រសិនបើគ្មានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គុយបាបានជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈខ្លាំងរួចជាស្រេច ដែលប៉ះពាល់ដល់សមត្ថភាពផ្គត់ផ្គង់អគ្គិសនី ហើយធ្វើឱ្យប្រជាជននៅតំបន់ជាច្រើន រងការដាច់ភ្លើងយូរៗ៕



