ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានអង់គ្លេស ជុំវិញទំនាក់ទំនងជាមួយចិន (Video inside)
30-01-2026 11:50
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានចក្រភពអង់គ្លេស ជុំវិញការធ្វើជំនួញជាមួយចិន ខណៈដែលលោកនាយករដ្ឋមន្រ្តី Keir Starmer កំពុងលើកឡើងពីអត្ថប្រយោជន៍ខាងសេដ្ឋកិច្ច ដែលនឹងបានមកពីទំនាក់ទំនងអង់គ្លេស-ចិន អំឡុងពេលបំពេញទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ ២០២៦។
ក្នុងជំនួប ៣ម៉ោង ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ លោក Starmer បានអំពាវនាវឱ្យមានការស្តារទំនាក់ទំនងរវាងអង់គ្លេស និងចិន ដើម្បីដំណើរការទីផ្សារ បន្ទាបអត្រាពន្ធគយ និងកិច្ចព្រមព្រៀងវិនិយោគ។
ឆ្លើយតបនឹងសំណួរ ជុំវិញការប្រកាសបើកទំព័រថ្មីនៃទំនាក់ទំនងរវាងអង់គ្លេស និងចិន នៅឯពិធីចាក់បញ្ចាំងភាពយន្ត «Melania» ក្នុងមជ្ឈមណ្ឌល Kennedy នៃទីក្រុងវ៉ាស៉ីនតោន លោក ត្រាំ បាននិយាយថា «វាពិតជាគ្រោះថ្នាក់ណាស់ សម្រាប់ពួកគេ ក្នុងការធ្វើដូច្នេះ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស កំពុងស្ថិតក្នុងប្រទេសចិននៅឡើយ ប៉ុន្តែលទ្ធផលនៃទស្សនកិច្ច ត្រូវបានចេញផ្សាយជាបន្តបន្ទាប់។ ចិន បានសម្រេចលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃ សម្រាប់ជនជាតិអង់គ្លេស និងបញ្ចុះអត្រាពន្ធនាំចូលស្រាវីស្គី ពី ១០ភាគរយ មកនៅត្រឹម ៥ភាគរយ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមហ៊ុនឱសថដ៏ធំរបស់អង់គ្លេស AstraZeneca បានប្រកាសថានឹងវិនិយោគទឹកប្រាក់ ១៥ពាន់លានដុល្លារនៅក្នុងប្រទេសចិន រហូតដល់ឆ្នាំ ២០៣០ ជាមួយការសរសើរថា ចិនជាអ្នករួមចំណែកយ៉ាងសំខាន់ ក្នុងភាពច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រ៕


