នាយករដ្ឋមន្រ្តី Mark Carney សង្ឃឹមថារដ្ឋបាលអាមេរិក គោរពអធិបតេយ្យកាណាដា (Video inside)
30-01-2026 11:14
(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឆ្លើយតបថា លោករំពឹងថារដ្ឋបាលអាមេរិក នឹងគោរពអធិបតេយ្យកាណាដា នៅពេលត្រូវគេបានសួរអំពីសេចក្តីរាយការណ៍មួយ ដែលថាមានជំនួបរវាងមន្ត្រីអាមេរិក ជាមួយក្រុមបំបែកខ្លួនស្វែងរកឯករាជ្យសម្រាប់ខេត្ត Alberta កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កាសែត Financial Times បានរាយការណ៍ថា មន្ត្រីក្រសួងការបរទេសអាមេរិក បានបើកកិច្ចប្រជុំចំនួន ៣ ជាមួយអង្គការ Alberta Prosperity Project (APP) ដែលជាក្រុមមួយកំពុងជំរុញឱ្យមានប្រជាមតិ ថាតើខេត្តភាគខាងលិចដែលជាជម្រុកនៃផលិតផលថាមពល គួរតែផ្តាច់ចេញពីប្រទេសកាណាដាឬទេ។
លោក Carney ប្រាប់អ្នកយកព័ត៌មានដូច្នេះថា «យើងសង្ឃឹមថា រដ្ឋបាលអាមេរិក គោរពអធិបតេយ្យកាណាដា។ ខ្ញុំតែងតែបញ្ជាក់ច្បាស់ ក្នុងពេលជជែកដល់បញ្ហានោះ ជាមួយប្រធានាធិបតី ត្រាំ»។ លោក Carney បន្ថែមថា លោកត្រាំ មិនដែលសួរនាំអំពីក្រុមបំបែកខ្លួន Alberta មកកាន់រូបលោកនោះទេ។
គួរបញ្ជាក់ថា ខេត្ត Alberta គឺគ្មានផ្លូវគោកទេ ហើយអភិបាលខេត្ត លោកស្រី Danielle Smith បាននិយាយថា លោកស្រីនៅតែចង់ស្ថិតក្រោមប្រទេសកាណាដា ប៉ុន្តែការស្ទង់មតិបង្ហាញថា ៣០ភាគរយនៃប្រជាជនក្នុងខេត្តនេះ មានការធុញទ្រាន់ទៅនឹងអ្វីដែលខ្លួនមើលឃើញថា ជាការជ្រៀតជ្រែកហួសហេតុរបស់ទីក្រុងអូតាវ៉ា។
តាមសេចក្តីរាយការណ៍ដដែលពី Financial Times ក្រុម APP ដែលនិយាយថាគោលនយោបាយរបស់ទីក្រុងអូតាវ៉ា កំពុងធ្វើឱ្យខេត្តនេះរងការគំរាមកំហែង ចង់ឱ្យមានការប្រជុំមួយទៀតនាខែក្រោយ ជាមួយមន្ត្រីរដ្ឋាភិបាល និងក្រសួងហិរញ្ញវត្ថុអាមេរិក ដើម្បីស្នើសុំជំនួយឥណទានចំនួន ៥០០ពាន់លានដុល្លារអាមេរិក៕
