នូវែលសេឡង់បដិសេធការអញ្ជើញចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ (Video inside)
30-01-2026 10:23
(វែលីងតុន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី៣០ ខែមករា ថាប្រទេសរបស់លោកបានសម្រេចចិត្តបដិសេធមិនទទួលយក ការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិភពលោកជាច្រើន ហើយក្នុងនោះមេដឹកនាំក្នុងតំបន់មជ្ឈិមបូព៌ាដូចជា តួកគី អេហ្ស៉ីប អារ៉ាប៊ីសាអូឌីត និងកាតា រួមទាំងបណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាឥណ្ឌូណេស៊ីបានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ខណៈមហាអំណាចធំៗ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អាមេរិក មួយចំនួនធំបានបន្តរក្សាភាពស្ងៀមស្ងាត់ ហើយខ្លះទៀតបដិសេធការអញ្ជើញ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Luxon បាននិយាយថានូវែលសេឡង់បានសម្រេចចិត្តមិនចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពឡើយ នៅក្រោមទម្រង់សព្វថ្ងៃរបស់ក្រុមប្រឹក្សានេះ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានបន្ថែមថាក្រុមប្រឹក្សាសន្តិភាពជាស្ថាប័នថ្មីមួយ ហើយវាជារឿងសំខាន់បំផុតដែលការអនុវត្តការងាររបស់ក្រុមប្រឹក្សានេះត្រូវស្របគ្នាទៅនឹងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ដែលនេះតម្រូវឱ្យនូវែលសេឡង់ចង់បានការបញ្ជាក់ឱ្យច្បាស់ពីបញ្ហានេះ វិសាលភាពនៃតួនាទីក្នុងពេលបច្ចុប្បន្ន និងអនាគត៕


