រុស្ស៊ី វាយប្រហារទីតាំងថាមពលអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងតិច ៦នាក់ (Video inside)
27-01-2026 22:38
(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានប្រកាសនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបង្ករបួសដល់មនុស្សរាប់សិបនាក់ផ្សេងទៀត រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ នៅក្នុងការវាយប្រហារលើទីតាំងថាមពល និងតំបន់ស៊ីវិល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ការទម្លាក់គ្រាប់បែកចុងក្រោយនេះធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ លោកបានសរសេរនៅលើបណ្តាញសង្គមថា «រាល់ការវាយប្រហារបែបនេះរបស់រុស្ស៊ី គឺបំផ្លាញកិច្ចការទូតដែលកំពុងបន្ត និងធ្វើឱ្យចុះខ្សោយកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូដែលកំពុងជួយបញ្ចប់សង្គ្រាមនេះ»។
នៅតំបន់ Odesa ការវាយប្រហារដោយដ្រូនជាង ៥០គ្រឿង បានសម្លាប់មនុស្ស ២នាក់ និងរបួស ៣២នាក់។ ក្រុមហ៊ុនថាមពល DTEK បាននិយាយថា កន្លែងរបស់ខ្លួនរងការខូចខាត «យ៉ាងធ្ងន់ធ្ងរ»។ លើសពីនេះ ក្រុមហ៊ុនហ្គាសរដ្ឋ Naftogaz ក៏បានរាយការណ៍ពីការឆាបឆេះកន្លែងរបស់ខ្លួននៅភាគខាងលិចអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសពីការដណ្តើមបានភូមិចំនួនពីរទៀតផងដែរ នៅតំបន់ Zaporizhzhia និង Kharkiv ខណៈសង្គ្រាមជិតឈានចូលដល់ខួបទី ៤ឆ្នាំ៕
