FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រ ដោយកាត់បន្ថយពន្ធគយលើទំនិញភាគច្រើន (Video inside)

27-01-2026 19:58

(ញូវដេលី/ព្រុចសែល)៖ ឥណ្ឌា និងសហភាពអឺរ៉ុប (EU) បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅថ្ងៃអង្គារនេះ ដែលនឹងកាត់បន្ថយពន្ធគយលើទំនិញភាគច្រើនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មសកល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងបង្កើនការនាំចេញរបស់ EU ទៅកាន់ឥណ្ឌាទ្វេដងនៅត្រឹមឆ្នាំ២០៣២ ដោយលុបបំបាត់ពន្ធគយលើទំនិញ ៩៦.៦%។ ចំណែកឯ EU នឹងកាត់បន្ថយពន្ធលើទំនិញនាំចូលពីឥណ្ឌា ៩៩.៥% ក្នុងរយៈពេល ៧ឆ្នាំ រួមទាំងការលុបបំបាត់ពន្ធទាំងស្រុងលើផលិតផលសមុទ្រ ស្បែក វាយនភណ្ឌ និងគីមី។ ទោះជាយ៉ាងណា ផលិតផលកសិកម្មដូចជា សាច់គោ ស្ករ និងអង្ករ ត្រូវបានដកចេញពីកិច្ចព្រមព្រៀងនេះ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានហៅកិច្ចព្រមព្រៀងនេះថាជា «មាតានៃកិច្ចព្រមព្រៀងទាំងអស់» ខណៈប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ដឺ ល្ងៃអេន បានប្រកាសថា «អឺរ៉ុប និងឥណ្ឌាកំពុងបង្កើតប្រវត្តិសាស្ត្រ»។

គួរបញ្ជាក់ថា កិច្ចចរចានេះមានសន្ទុះយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធ ៥០% លើទំនិញឥណ្ឌាមួយចំនួន និងចំពេលដែលសម្ព័ន្ធមិត្តអាមេរិកកំពុងព្យាយាមចងក្រងគ្នាបន្ទាប់ពីមានការគំរាមកំហែងពីលោក ដូណាល់ ត្រាំ។ ពាណិជ្ជកម្មរវាងឥណ្ឌា និង EU មានតម្លៃ ១៣៦.៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៥ ដែលខ្ពស់ជាងពាណិជ្ជកម្មជាមួយអាមេរិក និងចិន៕