តំណាងចិនដាស់តឿនឱ្យជប៉ុនពិចារណានិងកែតម្រូវកំហុសរបស់ខ្លួន
27-01-2026 18:02
(ប៉េកាំង)៖ ខណៈពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការគ្រប់គ្រងដោយផ្អែកលើច្បាប់នៃអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានដាស់តឿនឱ្យជប៉ុនពិចារណាឡើងវិញ ពីកំហុសឆ្គងនិងលុបចោលពាក្យសម្តីខុសឆ្គង លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងបញ្ហាតៃវ៉ាន់។
លោក Fu Cong បានថ្លែងថា ថ្មីៗនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើផ្ទុយពីចរន្តនៃប្រវត្តិសាស្ត្រ ដោយផ្សារភ្ជាប់បញ្ហាតៃវ៉ាន់ជាមួយ "ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត" របស់ជប៉ុនយ៉ាងកម្រោល ហើយបញ្ចេញសញ្ញាខុសឆ្គងថា ប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ព្រមទាំងបដិសេធមិនព្រមលុបចោល ពាក្យសម្តីដ៏ខុសឆ្គងនេះ។
លោក Fu Cong បានលើកឡើងថា ការវិលត្រឡប់របស់តៃវ៉ាន់ចូលប្រទេសចិនវិញ គឺជាលទ្ធផលជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស និងជាផ្នែកដ៏សំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយពីសង្គ្រាមលោកលើកទី២។ ពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងគឃ្លើន ល្មើសកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសជប៉ុន ដែលជាប្រទេសចាញ់សង្រ្គាមលោកលើកទី២ រំលោភបំពានយ៉ាងកម្រោល លើសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ និងរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដែលចាត់ទុកកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋាន។ ប្រទេសចិនដាស់តឿនឱ្យប្រទេសជប៉ុន ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ ពិចារណានិងកែតម្រូវកំហុសរបស់ខ្លួន ដើម្បីផ្តល់ចម្លើយដែលមាន ភាពទទួលខុសត្រូវជូនសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពជាក់ស្តែង៕
វិទ្យុមិត្តភាពកម្ពុជាចិន
