លោក ស៉ី ជីនពីង៖ ចិននឹងព្យាយាមរក្សាការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើអង្គការសហប្រជាជាតិ (Video inside)
27-01-2026 15:12
(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី២៧ ខែមករា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ចិននឹងព្យាយាមរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើអង្គការសហប្រជាជាតិ (UN) អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោក Petteri Orpo នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការលើកឡើងរបស់លោក ស៉ី គឺបន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលបានបង្កឱ្យមានក្តីបារម្ភថា លោកប្រធានាធិបតីអាមេរិក មានបំណងចង់កសាងស្ថាប័នដាច់ដោយឡែកមួយ ដើម្បីប្រជែងនឹង UN។ លោក ស៉ី បានប្រាប់ លោក Orpi ថា ចិនមានឆន្ទៈធ្វើការជាមួយហ្វាំងឡង់ ដើម្បីរក្សាការពារឱ្យបានរឹងមាំ នូវប្រព័ន្ធអន្តរជាតិដែលប្រកាន់យក UN ជាស្នូល។
គួរបញ្ជាក់ថា ចិនស្ថិតក្នុងចំណោមប្រទេសប្រហែល៦០ ដែលត្រូវបានលោក ត្រាំ អញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ប៉ុន្តែទីក្រុងប៉េកាំងមិនបានប្រកាសថា ខ្លួននឹងចូលរួមឬបដិសេធនោះទេ។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះ លោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមាន UN ជាមូលដ្ឋាន៕



