លោកស្រី Takaichi ថា សម្ព័ន្ធភាពជប៉ុន-អាមេរិកនឹងដួលរលំ ប្រសិនបើទីក្រុងតូក្យូមិនខ្វល់អ្វីសោះ ក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង (Video inside)
27-01-2026 14:30
(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែមករា បាននិយាយថា សម្ព័ន្ធភាពយុទ្ធសាស្រ្តរបស់ជប៉ុនជាមួយសហរដ្ឋអាមេរិក ច្បាស់ជានឹងដួលរលំមិនខាន ប្រសិនបើទីក្រុងតូក្យូជ្រើសរើសងាកមុខចេញពីជម្លោះនៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Takaichi បានបង្ហាញទស្សនៈដូចខាងលើ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង បានរិះគន់លោកស្រី សម្រាប់ការដុតបញ្ឆេះភាពតានតឹងជាមួយចិន ដោយសារតែការអត្ថាធិប្បាយកន្លងមក ជុំវិញបញ្ហាតៃវ៉ាន់។ ទំនាក់ទំនងរវាងជប៉ុននិងចិន បានធ្លាក់ចុះដល់កម្រិតដ៏អាក្រក់បំផុតមួយ បន្ទាប់ពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំមុន បានលើកឡើងថា ក្នុងករណីដែលចិនសម្រេចបើកការវាយប្រហារលើតៃវ៉ាន់ ជប៉ុនអាចនឹងត្រូវធ្វើការឆ្លើយតបដោយយោធា។ សម្តីនោះបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ហើយបានចាត់វិធានការផ្សេងៗប្រឆាំងលើជប៉ុន។
យ៉ាងណាមិញ ដោយសំដៅលើការអត្ថាធិប្បាយរបស់ខ្លួន កាលពីខែវិច្ឆិកា លោកស្រី Takaichi នាពេលនេះ បាននិយាយថា វាពុំមែនមានន័យថាជប៉ុននឹងចូលរួមធ្វើសង្រ្គាមទេ ក្នុងករណីចិននិងសហរដ្ឋអាមេរិកផ្ទុះជម្លោះប្រដាប់អាវុធ ជុំវិញបញ្ហាតៃវ៉ាន់។ លោកស្រី Takaichi បានបកស្រាយថា បើមានរឿងធ្ងន់ធ្ងរកើតឡើងនៅតៃវ៉ាន់ ជប៉ុននឹងចាំបាច់ត្រូវទៅជួយសង្រ្គោះពលរដ្ឋជប៉ុន និងអាមេរិកនៅទីនោះ ហើយក្នុងស្ថានការណ៍បែបនោះ អាចនឹងមានករណីដែលត្រូវធ្វើសកម្មភាពរួមគ្នា។
លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន បានបន្តថា ប្រសិនបើកងកម្លាំងអាមេរិកដែលធ្វើសកម្មភាពរួមគ្នាជាមួយជប៉ុន ស្ថិតក្រោមការវាយប្រហារ ហើយជប៉ុនបែរជាមិនធ្វើអ្វីសោះនិងរត់គេចនោះ សម្ព័ន្ធភាពជប៉ុន-អាមេរិកនឹងដួលរលំ។ ដូច្នេះហើយ ជប៉ុននឹងធ្វើការឆ្លើយតប ស្របទៅតាមដែនកំណត់នៃច្បាប់របស់ខ្លួន ហើយទន្ទឹមគ្នានោះ នឹងធ្វើការវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើអ្វីដែលកើតឡើងជាក់ស្តែង។
គួរបញ្ជាក់ថា ទោះជាបែបនេះក្តី លោកស្រី Takaichi មិនបានដកសម្តីរបស់លោកស្រី ដែលធ្វើឡើងកាលពីខែវិច្ឆិកា វិញនោះទេ ហើយបាននិយាយថា ការវាយតម្លៃរបស់ចិន ចំពោះការអត្ថាធិប្បាយរបស់លោកស្រី គឺផ្ទុយពីការពិត។ រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជប៉ុន ហាមឃាត់ការធ្វើសកម្មភាពយោធាផ្ទាល់ ប៉ុន្តែអនុញ្ញាតឱ្យជប៉ុនអនុវត្តសិទ្ធិស្វ័យការពាររួម ដែលមានន័យថា ក្នុងករណីការពារសហរដ្ឋអាមេរិក ឬប្រទេសជាមិត្តដទៃទៀត ដែលរងការវាយប្រហារ ក្រោមស្ថានភាពមួយ ដែលជប៉ុនប្រឈមការគំរាមកំហែង ចំពោះអាយុជីវិតនៃប្រទេសរបស់ខ្លួន៕



