FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ីទទួលបានយន្តហោះចម្បាំង Rafale ៣គ្រឿងដំបូងពីបារាំង (Video inside)

26-01-2026 20:30

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីបានទទួលយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿងពីប្រទេសបារាំង ដែលជាការដឹកជញ្ជូនលើកដំបូងនៃកិច្ចព្រមព្រៀងការពារជាតិដ៏ធំសម្បើមរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការពារជាតិប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក រីកូ រីកាដូ ស៊ីរ៉ៃត៍ (Rico Ricardo Sirait) បានបញ្ជាក់ថា យន្តហោះទាំងនោះបានមកដល់កាលពីថ្ងៃសុក្រ ហើយបច្ចុប្បន្នកំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស Roesmin Nurjadin ក្នុងតំបន់ Pekanbaru នៃកោះស៊ូម៉ាត្រា។ លោកបន្ថែមថា យន្តហោះ ៣គ្រឿងទៀតនឹងមកដល់នៅចុងឆ្នាំនេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មយោធារបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដោយឥណ្ឌូណេស៊ីបានបញ្ជាទិញ Rafale សរុបដល់ទៅ ៤២គ្រឿងក្នុងតម្លៃ ៨ពាន់លានដុល្លារ។

ក្រៅពីនេះ ឥណ្ឌូណេស៊ីក៏បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង KAAN ជំនាន់ទី៥ ចំនួន ៤៨គ្រឿងពីតួកគី និងកំពុងពិចារណាជម្រើសផ្សេងទៀតដូចជាយន្តហោះ J-10 របស់ចិន និង F-15EX របស់អាមេរិកផងដែរ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ៕