លោក ស៊ី ជីនពីង ជំរុញឱ្យវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ និងរួមគ្នាប្រឆាំង «អនុត្តរភាពនិយម» (Video inside)
26-01-2026 19:42
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នៅថ្ងៃចន្ទនេះ ដោយជំរុញឱ្យមានការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងកិច្ចសន្ទនាដំបូងចាប់តាំងពីលោក ឡឹម ត្រូវបានបោះឆ្នោតជ្រើសរើសសារជាថ្មីកាលពីថ្ងៃសុក្រ លោក ស៊ី បានពណ៌នាប្រទេសទាំងពីរថាជា «សហគមន៍ដែលមានអនាគតរួមគ្នា»។ លោកបានអំពាវនាវឱ្យភាគីទាំងពីរ «រួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយម និងការប្រឈមមុខដាក់គ្នារវាងប្លុក» ទោះបីជាលោកមិនបានបញ្ចេញឈ្មោះប្រទេសណាមួយក៏ដោយ។
គួរបញ្ជាក់ថា ការលើកឡើងនេះធ្វើឡើងចំពេលដែលវៀតណាមកំពុងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធគយ ខណៈរដ្ឋបាលលោក ត្រាំ បានចោទប្រកាន់វៀតណាមថាជាច្រកដឹកជញ្ជូនបន្តសម្រាប់ទំនិញចិន។
លោក ស៊ី ក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវពង្រឹងទំនុកចិត្ត រក្សាគោលការណ៍គ្រឹះ និងការពារប្រឆាំងនឹងហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ៕
