FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ទាមទារឱ្យលោក ត្រាំ សុំទោសរឿងមើលងាយពលីកម្មនៅអាហ្វហ្គានីស្ថាន (Video inside)

26-01-2026 18:45

(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្តូរីស (Boris Pistorius) បានចេញមុខទាមទារឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សុំទោសជាសាធារណៈចំពោះការលើកឡើងដែលថា សម្ព័ន្ធមិត្តណាតូបានព្យាយាមគេចវេះពីការប្រយុទ្ធនៅជួរមុខក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពីស្តូរីស បានប្រាប់ទូរទស្សន៍រដ្ឋ ARD ថា «វាមិនត្រឹមត្រូវទេ ហើយវាជាការមិនគោរពចំពោះអ្នកស្លាប់របស់សម្ព័ន្ធមិត្តក្នុងការនិយាយបែបនោះ...ពួកគេទាំងអស់បានឈរនៅទីនោះ ក្បែរសហរដ្ឋអាមេរិក។ ការអះអាងផ្សេងពីនេះនៅថ្ងៃនេះ គឺពិតជាមិនពិតទេ»។ គួររំលឹកថា ទាហានអាល្លឺម៉ង់ចំនួន ៥៩នាក់បានស្លាប់នៅក្នុងបេសកកម្មនៅអាហ្វហ្គានីស្ថានក្រោយព្រឹត្តិការណ៍ ១១ កញ្ញា។

លោកបានបន្ថែមថា លោកនឹងលើកយកបញ្ហានេះទៅជជែកជាមួយសមភាគីអាមេរិក លោក ភីត ហេកសេត (Pete Hegseth) ហើយថាការសុំទោសនឹងជា «សញ្ញានៃសេចក្តីថ្លៃថ្នូរ និងការគោរព»។

ការទាមទារនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារមឺរ ក៏បានហៅសម្តីរបស់លោក ត្រាំ ថា «គួរឱ្យតក់ស្លុត» ផងដែរ។ ទោះបីជាលោក ត្រាំ បានប្តូរមកសរសើរទាហានអង់គ្លេសវិញកាលពីថ្ងៃសៅរ៍ក្តី ក៏លោកមិនបានសុំទោស ឬលើកឡើងពីការលះបង់របស់សម្ព័ន្ធមិត្តផ្សេងទៀតឡើយ៕