FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ថា «អ្នកណាជាម្ចាស់ហ្គ្រីនឡែនមិនសំខាន់សម្រាប់រុស្ស៊ីទេ» ហើយប៉ាន់ស្មានថាវាអាចមានតម្លៃ ១ពាន់លានដុល្លារ (Video inside)

22-01-2026 13:30

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃពុធនេះថា នរណាជាម្ចាស់កម្មសិទ្ធិលើកោះហ្គ្រីនឡែន មិនមែនជាក្តីបារម្ភរបស់រុស្ស៊ីឡើយ ហើយសហរដ្ឋអាមេរិក និងដាណឺម៉ាកគួរតែដោះស្រាយបញ្ហានេះដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក ពូទីន បានប៉ាន់ប្រមាណថា កោះនេះអាចមានតម្លៃជិត ១ពាន់លានដុល្លារ។ លោកក៏បានឆ្លៀតរិះគន់ដាណឺម៉ាកផងដែរថា «ដាណឺម៉ាកតែងតែចាត់ទុកហ្គ្រីនឡែនជាអាណានិគម ហើយបានប្រព្រឹត្តយ៉ាងតឹងរ៉ឹង ឬអាចនិយាយថាឃោរឃៅចំពោះកោះនេះ»។

ការលើកឡើងនេះជាសញ្ញាបង្ហាញថា រុស្ស៊ីនឹងមិនជំទាស់នឹងបំណងរបស់លោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែនទេ។ ទីក្រុងមូស្គូហាក់សប្បាយចិត្តដែលឃើញចំណាត់ការរបស់លោក ត្រាំ បានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុបកាន់តែបែកបាក់។
គួររំលឹកថា នៅក្នុងវេទិកាដាវ៉ូស លោក ត្រាំ បានបន្ធូរបន្ថយការគំរាមកំហែង និងច្រានចោលការប្រើប្រាស់កម្លាំងយោធា៕