អ៉ីតាលី ប្រាប់ពលរដ្ឋរបស់ខ្លួន ឱ្យចាកចេញពីអ៉ីរ៉ង់ ដោយលើកឡើងពីបញ្ហាសន្តិសុខ

15-01-2026 11:49

(រ៉ូម)៖ ក្រសួងការបរទេសអ៉ីតាលី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយ​បន្ត​អំពាវនាវ​យ៉ាង​ទទូចដល់​ពលរដ្ឋ​ខ្លួន​ ឱ្យ​ចាក​ចេញ​ពី​​អ៉ីរ៉ង់ ដោយសារ​តែ​ស្ថានភាព​សន្តិសុខនៅ​ក្នុង​ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០២៦។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានដឹកនាំកិច្ចប្រជុំជាមួយក្រុមឯកអគ្គរដ្ឋទូតអ៉ីតាលី តំណាងក្រសួងការពារជាតិ និងទីភ្នាក់ងារស៉ើបការណ៍សម្ងាត់។ បើតាមក្រសួងការបរទេស ជនជាតិអ៉ីតាលីប្រហែល ៦០០នាក់កំពុងស្ថិតក្នុងប្រទេសអ៉ីរ៉ង់ ដែលភាគច្រើននៅរដ្ឋធានីតេហេរ៉ង់។ អ៉ីតាលី ក៏មានសមាជិកជាង ៩០០នាក់ នៃកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ផងដែរ រួមទាំងបុគ្គលិកប្រហែល ៥០០នាក់នៅអ៉ីរ៉ាក់ និង ៤០០នាក់នៅគុយវ៉ែត ជាទីដែលវិធានការណ៍ប្រុងប្រយ័ត្ន កំពុងត្រូវបានអនុម័តដើម្បីការពារបុគ្គលិកយោធា។

គួរបញ្ជាក់ថា ស្របពេលអាជ្ញាធរព្យាយាមបង្រ្កាបបាតុកម្មរីករាលរាលទូទាំងប្រទេស អ៉ីរ៉ង់ក៏កំពុងស្វែងរកការទប់ស្កាត់ នូវការរារាំងការគំរាមកំហែងម្តងហើយម្តងទៀត ពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថានឹងធ្វើអន្តរាគមន៍ជួយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល៕