FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ បិទដែនអាកាស សម្រាប់ជើងហោះហើរភាគច្រើន ជាបណ្តោះអាសន្ន

15-01-2026 10:56

(វ៉ាស៉ីនតោន)៖ អ៉ីរ៉ង់ បានប្រកាសបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន ចំពោះជើងហោះហើរទាំងអស់ លើកលែងតែជើងហោះហើរអន្តរជាតិទៅ-មកអ៉ីរ៉ង់ ជាមួយការចាប់អនុវត្តផ្លូវការ នាយប់ថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមការជូនដំណឹង ដែលបង្ហោះលើគេហទំព័ររដ្ឋបាលអាកាសចរណ៍សហព័ន្ធ ការបិទបណ្តោះអាសន្ននេះ ត្រូវបានកំណត់ឱ្យមានរយៈពេលលើសពីពីរម៉ោង រហូតដល់ពាក់កណ្តាលអាធ្រាតថ្ងៃដដែល ប៉ុន្តែអាចពន្យារពេលទៀត។

ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌា IndiGo បានឱ្យដឹងថា ជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួន នឹងរងផលប៉ះពាល់ដោយការបិទដែនអាកាសភ្លាមៗរបស់អ៉ីរ៉ង់។ ទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក៏បានឱ្យដឹងដែរថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី Aeroflot ទៅកាន់ទីក្រុងតេហេរ៉ង់ បានត្រឡប់ចូលទីក្រុងមូស្គូវិញ ក្រោយការប្រកាសបិទ។

អាល្លឺម៉ង់ កាលពីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) បានចេញសេចក្តីណែនាំ មិនឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ធ្វើប្រតិបត្តិការចូលទៅដែនអាកាសអ៉ីរ៉ង់ ភ្លាមៗបន្ទាប់ពីក្រុមហ៊ុន Lufthansa បដិសេធធ្វើប្រតិបត្តិការហោះហើរនៅទូទាំងមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងក្នុងតំបន់។ ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ដូចជា flydubai និង Turkish Airlines បានលុបចោលជើងហោះហើរជាច្រើន ទៅកាន់អ៉ីរ៉ង់កាលពីសប្តាហ៍មុន៕