សហរដ្ឋអាមេរិក ផ្អាកទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ប្រទេសចំនួន៧៥ប្រទេស ប៉ុន្តែមិនប៉ះពាល់ដល់ទិដ្ឋាការទេសចរណ៍នោះទេ
15-01-2026 10:22
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកទិដ្ឋាការអន្តោប្រវេសន៍ សម្រាប់អ្នកដាក់ពាក្យស្នើសុំមកពី៧៥ប្រទេស ដែលនេះជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាប ការធ្វើអន្តោប្រវេសន៍របស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានគូសបញ្ជាក់ថា «ដំណើរការសុំទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសចំនួន៧៥ នឹងត្រូវបានផ្អាក ខណៈក្រសួងការបរទេសអាមេរិក នឹងវាយតម្លៃឡើងវិញពីនីតិវិធីនៃដំណើរការអន្តោប្រវេសន៍ ដើម្បីរារាំងមិនឱ្យធ្វើចូលមករស់នៅក្នុងសហរដ្ឋអាមេរិក នូវជនបរទេសដែលនឹងទទួលផលពីសុខមាភាព និងប្រយោជន៍សាធារណៈ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រសួងការបរទេសអាមេរិក នឹងប្រើប្រាស់សិទ្ធិអំណាចដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍មករស់នៅ ដែលនឹងក្លាយជាបន្ទុករបស់សហរដ្ឋអាមេរិក និងទាញយកប្រយោជន៍ពីក្ដីអាណិតអាសូររបស់ប្រជាជនអាមេរិក។
គួរបញ្ជាក់ថា ការផ្អាកទិដ្ឋាការខាងលើនឹងមិនប៉ះពាល់ដល់ទិដ្ឋាការទេសចរណ៍នោះទេ ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦ និងកីឡាអូឡាំពិកឆ្នាំ២០២៨។ ការផ្អាកទិដ្ឋាការអន្តោប្រវេសន៍នេះទៀតសោតនឹងត្រូវធ្វើឡើង ដោយមិនកំណត់ពេលនោះទេ ដើម្បីវាយតម្លៃ និងពិនិតឡើងវិញ។
បញ្ជីឈ្មោះប្រទេសទាំង៧៥ រួមមានប្រទេស៖
Afghanistan, Albania, Algeria, Antigua and Barbuda, Armenia, Azerbaijan, Bahamas, Bangladesh, Barbados, Belarus, Belize, Bhutan,
Bosnia, Brazil, Burma, Cambodia, Cameroon, Cape Verde, Colombia, Cote d'Ivoire, Cuba, Democratic Republic of the Congo, Dominica,
Egypt, Eritrea, Ethiopia, Fiji, Gambia, Georgia, Ghana, Grenada, Guatemala, Guinea, Haiti, Iran, Iraq, Jamaica, Jordan, Kazakhstan, Kosovo, Kuwait, Kyrgyzstan, Laos, Lebanon, Liberia, Libya, Macedonia, Moldova, Mongolia, Montenegro, Morocco, Nepal, Nicaragua, Nigeria, Pakistan, Republic of the Congo, Russia, Rwanda, Saint Kitts and Nevis, Saint Lucia, Saint Vincent and the Grenadines, Senegal, Sierra Leone, Somalia, South Sudan, Sudan, Syria, Tanzania, Thailand, Togo, Tunisia, Uganda, Uruguay, Uzbekistan and Yemen៕
