លោក ត្រាំ៖ គឺលោក ហ្សេលេនស្គី មិនមែនលោក ពូទីនទេ ជាអ្នកពន្យារពេលកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន
15-01-2026 09:07
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាគឺអ៊ុយក្រែន មិនមែនរុស្ស៉ីទេដែលជាអ្នកពន្យារពេលកិច្ចព្រមព្រៀងសន្តិភាព ដែលនេះជាវោហាសាស្ត្រមួយបញ្ច្រាសទាំងស្រុងពី បណ្ដាមេដឹកនាំអឺរ៉ុបដែលតែងតែអះអាងថាទីក្រុងមូស្គូមិនមានឆន្ទៈបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅឯការិយាល័យពងក្រពើនៃសេតវិមានកាលពីថ្ងៃពុធ ទី១៤ ខែមករា លោក ត្រាំ បានលើកឡើងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ ផ្ទុយទៅវិញ គឺលោក ហ្សេលេនស្គីដែលនៅតែរារែកចិត្ត។ ដោយចង់សំដៅលើលោក ពូទីន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាគាត់ត្រៀមខ្លួនជាស្រេចដើម្បីចុះកិច្ចព្រមព្រៀង។ ខ្ញុំគិតថាអ៊ុយក្រែនមិនទាន់ត្រៀមខ្លួនដើម្បីចុះកិច្ចព្រមព្រៀងនៅឡើយទេ»។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថា តើហេតុអ្វីបានជាការសម្របសម្រួលកិច្ចចរចារបស់សហរដ្ឋអាមេរិកនៅតែមិនទាន់អាចដោះស្រាយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលជាសង្រ្គាមធំបំផុតលើទឹកអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា៖ «ហ្សេលេនស្គី»។
គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅ Reuters បានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថាលោក ពូទីន មិនបានបោះបង់ចោលមហិច្ឆតារបស់លោកដើម្បីគ្រប់គ្រងអ៊ុយក្រែន នោះទេ ហើយថែមទាំងបានអះអាងទៀតផងថាផ្នែកជាច្រើននៃតំបន់អឺរ៉ុបគឺជាកម្មសិទ្ធិរបស់អតីតសហភាពសូវៀត។ តែនៅពេលនោះ នាយកសហគមន៍ស៊ើបការណ៍ជាតិអាមេរិក លោកស្រី Tulsi Gabbard បានច្រានចោលសេចក្ដីរាយការណ៍បែបនេះ៕
