សហរដ្ឋអាមេរិក ដំណើរការដំណាក់កាលទី២នៃផែនការហ្កាហ្សា បង្កើតគណៈកម្មាធិការប៉ាឡេស្ទីន
15-01-2026 08:49
(គែរ)៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី១៤ ខែមករាថាកំពុងដំណើរការដំណាក់កាលទី២ នៃផែនការរបស់ខ្លួនដើម្បីបិទបញ្ចប់សង្រ្គាមហ្កាហ្សា បើទោះជាធាតុផ្សំសំខាន់ៗនៃដំណាក់កាលទី១ ក្នុងនោះរួមមានបទឈប់បាញ់ពេញលេញមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនៅតែមិនទាន់អាចសម្រេចបាននៅឡើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណាក់កាលទី១ បានប្រព្រឹត្តទៅជាមួយស្ថានការណ៍ដ៏ផុយស្រួយដោយសារមានបញ្ហាជាច្រើន ដូចជាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់រាយនាក់ នៅក្នុងតំបន់ហ្កាហ្សា បរាជ័យក្នុងការស្វែងរកសាកសពចំណាប់ខ្មាំងសេសសល់ជាជនជាតិអ៉ីស្រាអែល និងការពន្យារពេលរបស់អ៉ីស្រាអែលក្នុងការបើកច្រកព្រំដែននៃតំបន់ហ្កាហ្សាជាមួយអេហ្ស៉ីបឡើងវិញ។
នៅក្នុងដំណាក់កាលទី២ សហរដ្ឋអាមេរិក និងក្រុមអ្នកសម្របសម្រួលជាដៃគូ នឹងត្រូវដោះស្រាយបញ្ហាដ៏ស្មុគស្មាញ នោះគឺការរំសាយអាវុធរបស់ក្រុមហាម៉ាស ខណៈចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ បានជំទាស់ទៅនឹងការបោះបង់ចោលអាវុធ ព្រមទាំងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ។ ជាមួយការប្រកាសដំណើរការដំណាក់កាលទី២ នៅលើបណ្ដាញទំនាក់ទំនងសង្គម បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Steve Witkoff ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងបង្កើតរដ្ឋបាលបច្ចេកទេសបណ្ដោះអាសន្នមួយរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ហើយនឹងចាប់ផ្ដើមដំណើរការរំសាយអាវុធ និងការស្ថាបនាតំបន់ហ្កាហ្សាឡើងវិញ។
គួរបញ្ជាក់ថា តាមសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប កាតា និងតួកគី រដ្ឋបាលបណ្ដោះអាសន្ននៃតំបន់ហ្កាហ្សា មានសមាជិកចំនួន១៥ ហើយនឹងត្រូវបានដឹកនាំដោយលោក Ali Shaath ជាអតីតអនុរដ្ឋមន្ត្រីនៃអាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយលោកខាងលិច៕


