នាយករដ្ឋមន្ត្រីកាណាដាទៅដល់ក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ
14-01-2026 21:48
(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកាណាដាទៅកាន់ប្រទេសចិនក្នុងរយៈពេល ៨ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV។
លោក ខានី គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃសុក្រខាងមុខ។ មេដឹកនាំទាំងពីរធ្លាប់បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូងកាលពីខែតុលា ដែលលោក ខានី ចាត់ទុកថាជា «ចំណុចរបត់» នៅក្នុងទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei នៅកាណាដា និងការឃុំខ្លួនជនជាតិកាណាដាពីរនាក់នៅចិនជាការសងសឹក។
ក្រៅពីជំនួបជាមួយលោក ស៊ី លោក ខានី នឹងជួបជាមួយនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំធុរកិច្ច ដើម្បីចរចាពាណិជ្ជកម្ម។ ទីក្រុងប៉េកាំងបានបញ្ជាក់ថា ខ្លួនផ្តល់ «សារៈសំខាន់ខ្ពស់» ចំពោះដំណើរទស្សនកិច្ចនេះ៕
