អ៊ីរ៉ង់ព្រមានប្រាប់ប្រទេសជិតខាងថា នឹងខ្លួនវាយប្រហារមូលដ្ឋានអាមេរិក ប្រសិនបើវ៉ាស៊ីនតោនលូកដៃ
14-01-2026 18:28
(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះថា ទីក្រុងតេហេរ៉ង់បានព្រមានប្រទេសជិតខាងដែលអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើង ថាខ្លួននឹងសងសឹកលើមូលដ្ឋានទាំងនោះ ប្រសិនបើវ៉ាស៊ីនតោនអនុវត្តការគំរាមកំហែងលូកដៃចូលក្នុងបាតុកម្មនៅអ៊ីរ៉ង់។
មន្ត្រីរូបនោះបានបញ្ជាក់ថា «តេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ ចាប់ពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រហូតដល់តួកគី ថាមូលដ្ឋានអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារ» ប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់។
ការព្រមាននេះកើតឡើងខណៈអ្នកការទូតបានរាយការណ៍ថា បុគ្គលិកមួយចំនួនត្រូវបានណែនាំឱ្យចាកចេញពីមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអន្តរាគមន៍ដើម្បីគាំទ្រអ្នកតវ៉ា ខណៈក្រុមសិទ្ធិមនុស្សរាយការណ៍ថាមានអ្នកស្លាប់ដល់ទៅ ២,៦០០នាក់។ លោក ត្រាំ បានប្តេជ្ញាថា «នឹងមានចំណាត់ការខ្លាំងក្លា» ប្រសិនបើអ៊ីរ៉ង់ប្រហារជីវិតអ្នកតវ៉ា។ ទន្ទឹមនឹងនេះ ទំនាក់ទំនងផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងបេសកជនពិសេសអាមេរិក ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ៕


