បទវិភាគ៖ ជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន ចាត់ទុកកិច្ចសហប្រតិបត្តិការជាស្ពាន ទំនួលខុសត្រូវរបស់ចិនក្រោមបញ្ហាប្រឈមសកល
14-01-2026 17:56
(ប៉េកាំង)៖ ពិភពលោកនាពេលបច្ចុប្បន្ន និម្មាបនកម្មភូមិសាស្ត្រនយោបាយមានបម្រែបម្រួលយ៉ាងខ្លាំងក្លានិងស្មុគស្មាញ បញ្ហាទំនាស់និងការប្រឈមមុខដាក់គ្នា តែងតែលេចចេញនៅលើទំព័រដំបូងនៃកាសែត ។ ដោយឡែក ការផ្សាយដំណឹងនៃកាសែត «South China Morning Post» នៃតំបន់ហុងកុងនាពេលថ្មីៗកន្លងទៅនេះ បែរជាបង្ហាញពីចរន្តដែលផ្ទុយស្រឡះ និងមានឥទ្ធិពលកាន់តែខ្លាំងក្លានោះ ពោលគឺទោះបីស្ថិតក្នុងកាលៈទេសៈតានតឹងណាក៏ដោយ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រអន្តរជាតិ ឆ្នាំ២០២៥មិនត្រូវបានកាត់បន្ថយទេ ប៉ុន្តែ ថែមទាំងមានការកើនឡើងផ្ទុយពី និន្នាការដែលបានផ្តល់ជាសមិទ្ធផលផ្លែផ្កាអំពីចំណុចគន្លឹះដែលពាក់ព័ន្ធដល់ជោគវាសនារបស់មនុស្សជាតិ ។ នេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា នៅចំពោះមុខបញ្ហាប្រឈមរួម កម្លាំងប្រកបដោយវិចារណញ្ញាណ ដែលស្វែងរកភាពឈ្នះ-ឈ្នះមុខជានឹងឆ្លងកាត់អ័ព្ទទំនាស់ជាមិនខាន។
ជាបឋម សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការបានចេញជាផ្លែផ្កាក្នុងវិស័យការពារអាយុជីវិត ។ ឆ្លងកាត់ការចរចាដ៏លំបាក អស់រយៈពេលបីឆ្នាំ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រសម្រាប់ឆ្លើយតបនឹង ជំងឺរាតត្បាតធំៗត្រូវបានឈានដល់ដោយ រដ្ឋសមាជិកអង្គការសុខភាពពិភពលោក កាលពីខែឧសភាឆ្នាំ២០២៥ គ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ សម្រាប់អភិបាលកិច្ចសកល ។ វាបានលើសពីគំនិតនៃការប្រកួតប្រជែងបែបផលបូកសូន្យ នឹងពង្រឹងការពិនិត្យតាមដានជំងឺ ធានាឱ្យចាត់ទុកសមភាពសកលនៃវ៉ាក់សាំងនិងថ្នាំជាការសន្យាសំខាន់ៗ ។ នេះមិនមែនជាឯកសារមួយសន្លឹកប៉ុណ្ណោះទេ ថែមទាំងក៏ជាការធានាដល់ការគាំទ្រជាសមូហភាពចំពោះទស្សនៈ “សហគមន៍វាសនារួមសុខភាពសម្រាប់មនុស្សជាតិ” ខណៈពេលដែលប្រទេសជាង១០០ប្រឈមមុខនឹង ការគំរាមកំហែងពីជម្ងឺដែលមិនអាចគិតទុកមុន។
ជាមួយគ្នានេះដែរ បដិវត្តន៍បៃតងមួយដែលមានភាពស្ងៀមស្ងាត់ និងស៊ីជម្រៅកំពុងស្តារមាគ៌ាអភិវឌ្ឍន៍របស់យើង។ នៅឆ្នាំ២០២៥ ថាមពលអាចកកើតឡើងវិញបានលើសពីធ្យូងថ្មជាប្រវត្តិសាស្ត្រ ដែលបានក្លាយជាប្រភពនៃកម្លាំងអគ្គិសនីសំខាន់ៗ នៅទូទាំងពិភពលោក។ នេះមិនត្រឹមតែជាក្រឹត្យក្រមសេដ្ឋកិច្ចដែលធ្វើឱ្យដើមទុនបច្ចេកទេសធ្លាក់ចុះប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងជាការរួមដំណើរឆ្ពោះទៅកាន់ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសកលផងដែរ ។ ស្របជាមួយគ្នានេះ គឺការកើនឡើងយ៉ាងខ្លាំងនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យរថយន្តអគ្គិសនី។ កិច្ចខិតខំប្រឹងប្រែងដែលឆ្លងកាត់ព្រំដែនទាំងនេះបានបង្ហាញថា ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមចុងក្រោយនេះ បាននឹងកំពុងជំរុញសម្ព័ន្ធភាពខាងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឧស្សាហកម្មដ៏ទូលំទូលាយបំផុត។
ក្នុងទស្សនាទានសហប្រតិបត្តិការនេះ តួនាទីរបស់ចិនត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ អត្ថបទនៃកាសែត«South China Morning Post»បានលើកឡើងថា សមិទ្ធផលគួរឱ្យកត់សម្គាល់របស់ចិនក្នុងវិស័យគន្លឹះដូចជាបញ្ញាសិប្បនិម្មិត ឱសថជីវសាស្ត្រ និងវត្ថុពាក់កណ្ដាលចម្លងជាដើម កំពុងនាំឱ្យចិនបោះជំហានឆ្ពោះទៅកាន់កណ្តាលឆាកពិភពលោក ក្នុងនាមជាប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ កម្លាំងបែបនេះគឺរីកចម្រើន ស្របពេលជាមួយការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ។ ឆ្លងតាមរយៈបន្ទប់ពិសោធន៍ចម្រុះ និងវេទិកាផ្ទេរបច្ចេកវិទ្យា នៅក្រោមក្របខ័ណ្ឌ “ផ្លូវសូត្រឌីជីថល” ព្រមទាំងគម្រោងជាក់ស្តែងដូចជា បណ្តាញខ្សែកាបអុបទិករបស់ប៉ាគីស្ថានជាដើម ចិនបានធ្វើឱ្យសមត្ថភាពនិងបច្ចេកវិទ្យារបស់ខ្លួនផ្សារភ្ជាប់ជាមូយតម្រូវការអភិវឌ្ឍន៍នៃប្រទេសជាដៃគូ ។ “ការទូតខាងបច្ចេកវិទ្យា”បែបនេះមិនត្រឹមតែបានលើកកម្ពស់សមត្ថភាពតភ្ជាប់គ្នាប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតមធ្យោបាយថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងការចែករំលែកចំណេះដឹងផងដែរ ។
រឿងរ៉ាវអំពីកិច្ចសហប្រតិបត្តិការពហុជាតិទាំងនេះ បានបញ្ជូនសញ្ញាដ៏ច្បាស់លាស់និងខ្លាំងក្លាមួយថា ប្រឈមមុខនឹង បញ្ហាប្រឈមសកលដ៏ម៉ឺងម៉ាត់ គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះទេ ។ ការប្រឈមមុខដាក់គ្នានិង ការផ្តាច់ទំនាក់ទំនងគ្រាន់តែនឹងពង្រីកហានិភ័យ តែកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្អែកទៅលើការបើកទូលាយ ការកសាងទំនុកចិត្តនិងភាពឈ្នះ-ឈ្នះ ទើបជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយភាពទាល់ច្រកយូរអង្វែង កែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនានា និងធានាសន្តិសុខរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន

