FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹងស្នើ NATO ផ្តោតលើតំបន់អាកទិក ក្នុងដំណើរទស្សនកិច្ចទៅកាន់ហ្វាំងឡង់ និងន័រវែស (Video inside)

14-01-2026 15:33

(ឡុងដ៏)៖ រដ្ឋមន្រ្តីការបរទេសរបស់ចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ និងន័រវែស នាថ្ងៃពុធ ទី១៤​ ខែមករា ជាទីដែលលោកស្រីនឹងអំពាវនាវ ឱ្យអង្គការណាតូ (NATO) បង្កើនការងារនៅតំបន់អាកទិក ដើម្បីការពារផលប្រយោជន៍ក្នុងតំបន់ ប្រឆាំងនឹងរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Cooper នឹងផ្តោតលើរុស្ស៉ី ដែលក្រសួងការបរទេស ពណ៌នាថាជាការគំរាមកំហែងសន្តិសុខ សម្រាប់តំបន់អាកទិក។ នៅឯហ្វាំងឡង់ លោកស្រីនឹងជួបឆ្មាំការពារភាគកើតណាតូ ព្រំដែនជាប់រុស្ស៉ី ហើយនៅឯន័រវែស លោកស្រីនឹងទៅសួរសុខទុក្ខទាហានម៉ារីន ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនផ្ទាល់ផងដែរ។ តាមក្រសួងការបរទេស អង់គ្លេស និងន័រវែស ចែករំលែកការប្តេជ្ញាចិត្ត ដើម្បីធានាថារុស្ស៉ី នឹងបរាជ័យក្នុងសង្គ្រាមឈ្លានពានខុសច្បាប់របស់ខ្លួន។

គួរបញ្ជាក់ថា ទស្សនកិច្ច​នៅ​ក្នុងរង្វង់តំបន់អាកទិក របស់លោកស្រី Yvette Cooper បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ជា​ថ្មី​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដើម្បី​ចូល​កាន់កាប់កោះ Greenland ដែលជាទឹកដីស្វយ័ត នៃប្រទេសដាណឺម៉ាក។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer បានបង្ហាញជំហរគាំទ្រដាណឺម៉ាក ក្នុងការពារ Greenland៕