FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ចោទថា អាមេរិកកំពុងរកលេសដើម្បីធ្វើអន្តរាគមន៍យោធា ដោយប្រើយុទ្ធសាស្រ្តដដែលៗ (Video inside)

14-01-2026 14:30

(តេហេរ៉ង់)៖ កាលពីថ្ងៃអង្គារ ទី១៣ ខែមករា រដ្ឋាភិបាលអ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កើតលេស ដើម្បីធ្វើអន្តរាគមន៍យោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើសកម្មភាពខ្លាំងក្លា ជុំវិញការបង្រ្កាបដ៏ប្រល័យ លើចលនាបាតុកម្មទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តំណាងបេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គមថា គោលនយោបាយនិងក្តីស្រមៃរបស់​សហរដ្ឋអាមេរិកចំពោះប្រទេសអ៉ីរ៉ង់ គឺចាក់ឫសក្នុងការផ្លាស់ប្តូររបប ដោយមានទណ្ឌកម្ម ការសម្លុតគំរាម ការបង្កើតភាពវឹកវរ និងចលចល បម្រើជាក្បួនប្រតិបត្តិការ ដើម្បីបង្កើតលេសសម្រាប់ធ្វើអន្តរាគមន៍យោធា។ តំណាងបេសកកម្មអ៉ីរ៉ង់ បានប្តេជ្ញាថា យុទ្ធសាស្រ្ត​របស់ទីក្រុងវ៉ាស៉ីនតោន មុខជានឹងបរាជ័យម្តងទៀត។

នាថ្ងៃពុធនេះ ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា តួលេខមនុស្សស្លាប់ក្នុងបាតុកម្មដ៏កក្រើក នៅប្រទេសអ៉ីរ៉ង់ បានបន្តកើនដល់យ៉ាងហោច២៥៧១នាក់។ កាលពីថ្ងៃអង្គារ មន្រ្តីរដ្ឋាភិបាលអ៉ីរ៉ង់ម្នាក់ ក៏បានឱ្យដឹងដែរថា មនុស្សប្រហែល២០០០នាក់បានស្លាប់ ខណៈវាគឺជាលើកដំបូងបំផុត ដែលអាជ្ញាធរអ៉ីរ៉ង់បានផ្តល់តួលេខអ្នកស្លាប់សរុប ចាប់តាំងពីបាតុកម្មបានផ្ទុះរីករាលដាលទូទាំងប្រទេស អស់រយៈពេលជាង២សប្តាហ៍។

គួរបញ្ជាក់ថា ក្នុងសារព្រមានចុងក្រោយបង្អស់ លោក ត្រាំ បានគំរាមថា សហរដ្ឋអាមេរិកនឹងបញ្ចេញប្រតិកម្មខ្លាំងក្លាបំផុត ប្រសិនបើអាជ្ញាធរនៅអ៉ីរ៉ង់ ចាប់ផ្តើមព្យួរកប្រហារជីវិតប្រជាជន ក្នុងការបង្រ្កាបបាតុកម្ម។ យ៉ាងណាមិញ ក្រុមមន្រ្តីអ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ថាជាអ្នកដុតបញ្ឆេះអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួន ហើយបានទម្លាក់កំហុសនៃការស្លាប់ទាំងនេះ ទៅលើភ្នាក់ងារភេរវករ ដែល​ទទួលបានការបង្គាប់បញ្ជាពីបរទេស ឱ្យបង្កភាពវឹកវរ៕