កូស្តារីកា ថារកឃើញផែនការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ស្របពេលការបោះឆ្នោត គ្រោងប្រព្រឹត្តទៅនៅដើមខែក្រោយ (Video inside)
14-01-2026 14:11
(សាន់ហ្សូស៊េ)៖ រដ្ឋាភិបាលនៃប្រទេសកូស្តារីកា កាលពីថ្ងៃអង្គារ ទី១៣ ខែមករា បានឱ្យដឹងថា ខ្លួនបានរកឃើញផែនការប៉ុនប៉ងធ្វើឃាត ប្រធានាធិបតីលោក Rodrigo Chaves ស្របពេលដែលការបោះឆ្នោតថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនាដើមខែកុម្ភៈ ហើយគណបក្សស្តាំនិយមរបស់លោក ត្រូវបានរំពឹងថា នឹងទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Jorge Torres ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានអះអាងថា ទីភ្នាក់ងារទទួលបានព័ត៌មានថា មានឃាតករម្នាក់ត្រូវបានគេជួលឱ្យសម្លាប់លោក Chaves។ អគ្គរដ្ឋអាជ្ញាកូស្តារីកា លោក Carlo Diaz បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីម្នាក់ជាជនសង្ស័យ កំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែពុំមានការបញ្ជាក់ព័ត៌មានលម្អិតជាងនេះទៀតទេ។ យ៉ាងណាមិញ លោក Diaz បាននិយាយថា មិនទាន់មានភស្តុតាងនៃការជាប់ទាក់ទងគ្នា ទៅនឹងការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតសភា ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះទេ។
គួរបញ្ជាក់ថា លោក Charves គឺជាប្រធានាធិបតីដ៏មានប្រជាប្រិយមួយរូប ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់ប្រទេស ហាមឃាត់មិនឱ្យរូបលោក អាចបន្តឈរឈ្មោះសម្រាប់អាណត្តិទី២ជាប់គ្នាឡើយ។ ដូច្នេះហើយ លោកបានគាំទ្រអតីតរដ្ឋមន្រ្តីមួយរូបរបស់លោក គឺលោកស្រី Laura Fernandez ឱ្យបន្តតំណែងពីរូបលោក។ នៅកូស្តារីកា ស្របពេលប្រធានាធិបតី មិនអាចឈរឈ្មោះសម្រាប់អាណត្តិទី២ជាប់គ្នាក៏ដោយ គឺអាចមានឱកាសឈរឈ្មោះម្តងទៀតបាន ក្រោយរយៈពេល៨ឆ្នាំកន្លងផុតទៅ បន្ទាប់ពីចប់អាណត្តិទី១៕
