FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅអាមេរិក អះអាងថា មនុស្សយ៉ាងហោច២៥៧១នាក់ ត្រូវបានសម្លាប់អំឡុងបាតុកម្មនៅប្រទេសអ៉ីរ៉ង់ (Video inside)

14-01-2026 13:58

(វ៉ាស៉ីនតោន)៖ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក នាថ្ងៃពុធនេះបានអះអាងថា តួលេខមនុស្សស្លាប់ក្នុងបាតុកម្មដ៏កក្រើកនៅប្រទេសអ៉ីរ៉ង់ បានបន្តកើនដល់យ៉ាងហោច២៥៧១នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦។

ក្រុមសិទ្ធិមនុស្សខាងលើ បាននិយាយថា មកទល់ពេលនេះ ខ្លួនបានផ្ទៀងផ្ទាត់ករណីស្លាប់ នៃបាតុករចំនួន២៤០៣នាក់ បុគ្គលពាក់ព័ន្ធរដ្ឋាភិបាលចំនួន ១៤៧នាក់ មនុស្សវ័យក្រោម១៨ឆ្នាំចំនួន១២នាក់ និងជនស៉ីវិលមិនមែនអ្នកតវ៉ាចំនួន៩នាក់។ កាលពីថ្ងៃអង្គារ មន្រ្តីរដ្ឋាភិបាលអ៉ីរ៉ង់ម្នាក់ បានឱ្យដឹងថា មនុស្សប្រហែល២០០០នាក់បានស្លាប់ ខណៈវាគឺជាលើកដំបូងបំផុត ដែលអាជ្ញាធរអ៉ីរ៉ង់បានផ្តល់តួលេខអ្នកស្លាប់សរុប ចាប់តាំងពីបាតុកម្មបានផ្ទុះរីករាលដាលទូទាំងប្រទេស អស់រយៈពេលជាង២សប្តាហ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចឱ្យប្រជាជនអ៉ីរ៉ង់ បានបន្តធ្វើការតវ៉ា ជាមួយ​ការសន្យាថា ជំនួយកំពុងត្រៀមចេញទៅហើយ។ យ៉ាងណាមិញ ក្រុមមន្រ្តីអ៉ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ថាជាអ្នកដុតបញ្ឆេះអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួន ហើយបានទម្លាក់កំហុសនៃការស្លាប់ទាំងនេះ ទៅលើភ្នាក់ងារភេរវករ ដែល​ទទួលបានការបង្គាប់បញ្ជាពីបរទេស ឱ្យបង្កភាពវឹកវរ៕