ទំហំពាណិជ្ជកម្មចិនឆ្នាំ២០២៥ កើនឡើងខ្ពស់បំបែកកំណត់ត្រា ទោះការនាំចេញទៅអាមេរិក ថយចុះដោយសារពន្ធរបស់លោក ត្រាំ (Video inside)
14-01-2026 13:30
(ប៉េកាំង)៖ នាថ្ងៃពុធនេះ ចិនបាននិយាយថា ទំហំពាណិជ្ជកម្មរបស់ខ្លួន បានកើនឡើងខ្ពស់រហូតបំបែកកំណត់ត្រា កាលពីឆ្នាំ២០២៥ ស្របពេលដែលតម្រូវការពិភពលោកសម្រាប់ទំនិញចិន នៅតែមានភាពរឹងមាំ ទោះបីមានការថយចុះក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ ដំឡើងពន្ធក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២៦។
លោក Wang Jun ដែលជាអនុរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកគយរបស់ចិន បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា ទំហំពាណិជ្ជកម្មឆ្នាំ២០២៥ បានកើនឡើងលើស ៤៥ទ្រីលានយាន់ ឬស្មើនឹង៦.៤ទ្រីលានដុល្លារអាមេរិក ជាលើកដំបូង ដែលជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្រ្ត។ ទិន្នន័យបានបង្ហាញថា ការនាំចេញដែលតាំងពីដើមមក គឺជាក្បាលម៉ាស៉ីនចម្បងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកមួយនេះ បានកើន៦.១ភាគរយ កាលពីឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ខណៈការនាំចូលបានកើន ០.៥ភាគរយ។
នាឱកាសនោះ លោក Wang បានបន្តថា «ប្រទេសមួយចំនួន បានទាញបញ្ហាពាណិជ្ជកម្មឱ្យចូលពាក់ព័ន្ធរឿងនយោបាយ និងបានរឹតត្បិតការនាំចេញបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសចិន ខណៈប្រសិនបើពួកគេមិនបានធ្វើដូច្នោះទេ យើងច្បាស់ជានាំចូលបន្ថែមមិនខាន»។ លោក Wang បានលើកឡើងបែបនេះ ហាក់ចង់សំដៅដោយប្រយោលទៅលើការដំឡើងពន្ធគយ និងការរឹតត្បិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ជាចុងក្រោយ លោកអនុរដ្ឋមន្រ្តីចិនបាននិយាយថា សម្លឹងមើលឆ្នាំ២០២៦នេះ ទីផ្សារប្រទេសចិននឹងបើកចំហកាន់តែធំ ហើយបន្តផ្តល់ឱកាសសម្រាប់ពិភពលោកទាំងមូល៕
