ព្រះចៅស៊ុលតង់ព្រុយណេ Hassanal Bolkiah នឹងទទួលការវះកាត់ប្ដូរសន្លាក់ជង្គង់សប្បនិម្មិត (Video inside)
14-01-2026 09:13
(Reuters)៖ ព្រះមហាក្សត្រព្រុយណេ ព្រះចៅស៊ុលតង់ Hassanal Bolkiah នឹងទទួលការវះកាត់ប្ដូរសន្លាក់ជង្គង់សប្បនិម្មិតនៅចុងសប្ដាហ៍នេះ ហើយការជាសះស្បើយត្រូវបានរំពឹងថាមានរយៈពេល ចន្លោះពី២ ទៅ៣ខែ។ នេះបើតាមការិយាល័យរបស់ព្រះអង្គ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យរបស់ព្រះចៅស៊ុលតង់ Hassanal Bolkiah មានព្រះជន្ម ៧៩ព្រះវស្សាបានឱ្យដឹងទៀតថាព្រះអង្គនឹងត្រូវកាត់បន្ថយការចូលរួមក្នុងព្រឹត្តិការណ៍ ឬពិធីថ្នាក់ជាតិ និងផ្លូវការទាំងអស់អំឡុង ការសម្រាកព្យាបាល និងការព្យាបាលដោយចលនា។ «តែយ៉ាងណាក៏ដោយ ព្រះចៅស៊ុលតង់នឹងនៅតែបន្តដឹកនាំកិច្ចការប្រទេសជាតិ»។ នេះជាការបញ្ជាក់បន្ថែមពីការិយាល័យរបស់ព្រះអង្គ។
ព្រះចៅស៊ុលតង់ Hassanal Bolkiah ដែលបានឡើងគ្រងរាជ្យសម្បត្តិក្នុងឆ្នាំ១៩៦៧ បាន និងកំពុងកាន់តួនាទីជាច្រើនក្នុងប្រទេសព្រុយណេ ក្នុងនោះរួមមានជានាយករដ្ឋមន្ត្រី ជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ។ ព្រះអង្គក៏ធ្លាប់ចូលសម្រាកព្យាបាលរយៈពេលខ្លីនៅមន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ីផងដែរ កាលពីខែឧសភា ឆ្នាំ២០២៥ ដោយសារការហត់នឿយអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួ៕

