ហ្វីលីពីន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាជាមួយអេមីរ៉ាតអារ៉ាប់រួម (Video inside)
13-01-2026 21:17
(អាប៊ូដាប៊ី)៖ ប្រទេសហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) នៅថ្ងៃអង្គារនេះ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងបំផុតរបស់ខ្លួនជាមួយប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអារ៉ាប់។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅអាប៊ូដាប៊ី។ កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយពន្ធគយ បង្កើនលទ្ធភាពចូលទីផ្សារសម្រាប់ទំនិញនិងសេវាកម្ម និងបង្កើតឱកាសការងារសម្រាប់អ្នកជំនាញហ្វីលីពីន។
ការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា ការសិក្សាបឋមបង្ហាញថា CEPA អាចជួយជំរុញការនាំចេញរបស់ហ្វីលីពីនទៅកាន់ UAE បាន ៩.១៣%។ នាយកដ្ឋានពាណិជ្ជកម្មរំពឹងថាកិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការលុបបំបាត់ពន្ធគយរហូតដល់ ៩០% និងបើកផ្លូវឱ្យហ្វីលីពីនចូលទៅកាន់ទីផ្សារឈូងសមុទ្រ (GCC) កាន់តែទូលំទូលាយ។
គួរបញ្ជាក់ថា UAE គឺជាផ្ទះរបស់ពលករហ្វីលីពីនប្រមាណ ៧សែននាក់ និងមានទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ១.៨ពាន់លានដុល្លារ។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី៤ របស់ហ្វីលីពីន បន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប៕


