FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN៖ កុមារយ៉ាងតិច ១០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីមានបទឈប់បាញ់ (Video inside)

13-01-2026 20:56

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារនេះថា កុមារយ៉ាងហោចណាស់ ១០០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយកាលពីបីខែមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យអង្គការ UNICEF លោក ជេមស៍ អែលឌើ (James Elder) បានថ្លែងថា «ជាមធ្យមមានក្មេងប្រុស ឬក្មេងស្រីម្នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃអំឡុងពេលបទឈប់បាញ់»។ លោកបានបញ្ជាក់ថា កុមារទាំងនោះបានស្លាប់ដោយសារការវាយប្រហារផ្លូវអាកាស ដ្រូនអត្តឃាត ការបាញ់ផ្លោង និងគ្រាប់កាំភ្លើងពិត។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍តួលេខខ្ពស់ជាងនេះ ដោយអះអាងថា កុមារចំនួន ១៦៥នាក់ត្រូវបានសម្លាប់ ក្នុងចំណោមអ្នកស្លាប់សរុប ៤៤២នាក់ចាប់តាំងពីខែតុលាមក។ លើសពីនេះ កុមារ ៧នាក់ទៀតបានស្លាប់ដោយសារអាកាសធាតុត្រជាក់នៅដើមឆ្នាំនេះ។

ទន្ធឹមគ្នានេះ លោក អែលឌើ ក៏បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១ មករា ដែលបានព្យួរអង្គការជំនួយអន្តរជាតិចំនួន ៣៧ មិនឱ្យចូលហ្គាហ្សា ដោយចាត់ទុកថាជាការ «រារាំងជំនួយសង្គ្រោះជីវិត» និងជាការប៉ុនប៉ងបិទបាំងការពិនិត្យមើលទុក្ខវេទនារបស់កុមារ៕