FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីដាណឺម៉ាក និងហ្គ្រីនឡែន នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិកនៅសេតវិមាន ចំពេលមានការគំរាមកំហែងដ​ណ្តើមយកកោះនេះ (Video inside)

13-01-2026 19:17

(កូប៉ិនហាក)៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងហ្គ្រីនឡែន នឹងជួបពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន់ស៍ (JD Vance) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ នៅថ្ងៃពុធនេះ នៅសេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡុកឃេ រ៉ាស្មូសេន (Lars Lokke Rasmussen) បានប្រាប់អ្នកយកព័ត៌មានថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បី «ផ្លាស់ប្តូរការពិភាក្សាទាំងអស់នេះ...ចូលទៅក្នុងបន្ទប់ប្រជុំដែលយើងអាចសម្លឹងមើលភ្នែកគ្នា និងជជែកគ្នាឱ្យច្បាស់លាស់»។

គួរបញ្ជាក់ថា ជំនួបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងចង់កាន់កាប់កោះអាក់ទិកមួយនេះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក ត្រូលស៍ លុន ផលសិន (Troels Lund Poulsen) បានប្រកាសថា លោកនឹងជួបអគ្គលេខាធិការណាតូ នៅទីក្រុងព្រុចសែលនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសន្តិសុខតំបន់អាក់ទិក។ ដាណឺម៉ាកក៏មានផែនការបង្កើនវត្តមានយោធានៅហ្គ្រីនឡែនផងដែរ ដោយមានការចូលរួមពីប្រទេសណាតូផ្សេងទៀត នៅក្នុងសមយុទ្ធឆ្នាំ២០២៦៕