FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ

13-01-2026 17:03

(ប៉េកាំង)៖ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនានា នៃកោះហ្គ្រីនឡែនបានចេញផ្សាយ សេចក្តីថ្លែងការណ៍រួមដោយលើកឡើងថា ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ។

មួយរយៈពេលកន្លងមក "ប្តូរឈ្មោះ”ឈូងសមុទ្រម៉ិកស៊ិក “យកព្រែកជីកប៉ាណាម៉ាមកវិញ” “ទិញកោះហ្គ្រីនឡែន” ។ល។ ការសម្តែងអាកប្បកិរិយានៃរដ្ឋាភិបាលលោកត្រាំ ដែលមិនច្រានចោលការប្រើប្រាស់មធ្យោបាយគំរាមកំហែងដោយយោធា និងសេដ្ឋកិច្ចដើម្បីសម្រេចបាននូវផែនការវាតទីនិយមរបស់អាមេរិក បានធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់ពីកងទ័ពអាមេរិកបានវាយឆ្មក់ ប្រទេសវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយាដោយបង្ខំព្រមទាំងនាំខ្លួនទៅ សហរដ្ឋអាមេរិកនៅពេលមុននេះមិនជាយូរប៉ុន្មាន លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែង នៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានរបស់ប្រទេសខ្លួនកាលពីថ្ងៃទី ៤ ខែមករាថា វ៉េណេស៊ុយអេឡា ប្រហែលមិនមែនជាប្រទេសចុងក្រោយ ដែលសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍នោះទេ ហើយបានបន្តថា អាមេរិកត្រូវការកោះហ្គ្រីនឡែន ជាដាច់ខាត ។
បន្ទាប់មក លោកស្រី Karoline Leavitt លេខាធិការព័ត៌មានរបស់សេតវិមានអាមេរិកបានថ្លែងថា លោកត្រាំ ប្រធានាធិបតីអាមេរិក និងក្រុមការងាររបស់លោក កំពុងពិគ្រោះពិភាក្សាអំពីជម្រើសជាច្រើនដើម្បីទទួលបានកោះហ្គ្រីនឡែន ក្នុងនោះបូករួមទាំង "ការប្រើប្រាស់កងទ័ព" ផងដែរ។

ហេតុអ្វីបានជាលោកត្រាំងប់ងល់នឹងការយកកោះហ្គ្រីនឡែនដោយមិនលាក់លៀមមហិច្ឆិតារបស់ខ្លួន ? នៅពីក្រោយវាបានបង្កប់ នូវការគិតពិចារណាជាច្រើនខាងវិស័យយុទ្ធសាស្ត្រភូមិសាស្ត្រ តម្លៃសេដ្ឋកិច្ចនិងសមិទ្ធផលនយោបាយផ្ទាល់ខ្លួនជាដើម។

ទីមួយគឺ ទីតាំងយុទ្ធសាស្ត្រនៃកោះហ្គ្រីនឡែនមានសារសំខាន់ខ្លាំងណាស់។ កោះនេះស្ថិតក្នុងទីតាំងសំខាន់នៃតំបន់អាក់ទិក ដែលមានទីតាំងនៅលើផ្លូវហោះហើរនិងផ្លូវសមុទ្រ រវាងតំបន់អឺរ៉ាស៊ី និងអាមេរិកខាងជើង ហើយអាចគ្រប់គ្រងផ្លូវនាវាចរណ៍ ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិកខាងជើង និងមហាសមុទ្រទឹកកកអាកទិក។

ទីពីរគឺ កោះហ្គ្រីនឡែនមានធនធានធម្មជាតិដ៏សម្បូរបែប។ កោះហ្គ្រីនឡែនមានសារធាតុរ៉ែសំខាន់ចំនួន ២៥ ប្រភេទក្នុងចំណោមសារធាតុរ៉ែសំខាន់ចំនួន ៣១ ប្រភេទនៅទូទាំងពិភពលោកដែលបូករួមទាំងរ៉ែដីកម្រ ក្រាហ្វីតនិងលីចូម ។ នេះសុទ្ធតែជាធនធានដ៏ចាំបាច់សម្រាប់ការផលិតបន្ទះឈីប ថាមពលថ្មីនិងឧស្សាហកម្មយោធា។

ទីបីគឺ លោកត្រាំរំពឹងថា អាចបន្សល់ទុកនូវ "កេរ្តិ៍មរតកនយោបាយ" របស់ខ្លួនក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ចាប់តាំងពី បានចូលកាន់អំណាចក្នុងសេតវិមានជាថ្មីឡើងវិញមក លោកត្រាំបានបង្ហាញពីមហិច្ឆិតាអំពីការគូរវាសផែនទី គ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញ នៃរដ្ឋាភិបាលអាមេរិក។

ប្រឈមមុខនឹងការគំរាមកំហែងពីលោកត្រាំដែលបានបញ្ចេញចំពោះកោះហ្គ្រីនឡែន រដ្ឋមន្ត្រីការបរទេស នៃប្រទេសអឺរ៉ុបខាងជើងទាំងប្រាំ គឺ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែសនិងស៊ុយអែតបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីបញ្ហាហ្គ្រីនឡែននាពេលថ្មីៗកន្លងទៅនេះដោយសង្កត់ធ្ងន់ថា បញ្ហាទាក់ទងនឹងប្រទេសដាណឺម៉ាកនិងកោះហ្គ្រីនឡែន គួរត្រូវបានសម្រេចចិត្តទាំងស្រុងដោយសាមីខ្លួន ប្រទេសដាណឺម៉ាកនិងហ្គ្រីនឡែន។

ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៩ ភាគរយបានរិះគន់ថា ផែនការវាតទីនិយម នៃរដ្ឋាភិបាលអាមេរិក នឹងបង្កើនស្ថានការណ៍តានតឹងនៅទូទាំងពិភពលោក និងបំផ្លាញសន្តិភាពក្នុងតំបន់និងស្ថិរភាពពិភពលោក។

មហិច្ឆតាអនុត្តរភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាការរំលោភបំពានយ៉ាងកម្រោល ចំពោះគោលការណ៍អធិបតេយ្យភាពជាតិ ។ សំឡេងប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិបានបង្ហាញយ៉ាងច្បាស់ថា រាល់ប៉ុនប៉ងណាមួយរបស់អំណាចខ្លាំង សុទ្ធតែមិនអាចរង្គោះរង្គើការបេជ្ញាចិត្តរបស់ប្រជាជាន នៃបណ្តាប្រទេសនានាក្នុងការជ្រើសរើសដោយម្ចាស់ការបានឡើយ ។ ជានិច្ចជាកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិ និង «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ជាមូលដ្ឋាន ហើយប្រឆាំងនឹងទង្វើអនុត្តរភាពទោះ តាមទម្រង់ណាក៏ដោយដើម្បីគាំពារសន្តិភាព និងសច្ចយុត្តិធម៌ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន