តៃវ៉ាន់ អះអាងថាបានឈានដល់ការឯកភាពគ្នាមួយ ជាមួយសហរដ្ឋអាមេរិក លើបញ្ហាពន្ធគយ (Video inside)
13-01-2026 16:34
(តៃប៉ិ)៖ តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នាយ៉ាងទូលំទូលាយ លើកិច្ចពិភាក្សាពន្ធគយ និងកំពុងជជែកពីកាលវិភាគរៀបចំកិច្ចប្រជុំដើម្បីសម្រេច ហើយបើតាមប្រភពពីទីក្រុងតៃប៉ិ វាអាចនឹងកើតឡើង នាចុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦។
តៃវ៉ាន់ ចង់ឱ្យពន្ធគយលើទំនិញនាំចេញរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក បញ្ចុះមកនៅត្រឹមអត្រា ១៥ ទៅ២០ភាគរយ។ ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នេះ ការិយាល័យចរចាពាណិជ្ជកម្មតៃវ៉ាន់ បានលើកឡើងថា គោលដៅរបស់ខ្លួន គឺព្យាយាមធ្វើឱ្យមានការកាត់បន្ថយអត្រាពន្ធគយ។ រីឯការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ ក្រៅម៉ោងធ្វើការនៅវ៉ាស៉ីនតោននោះទេ។
កាសែតអាមេរិក New York Times បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋបាលលោក ត្រាំ ជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដោយកាត់បន្ថយអត្រាពន្ធមកត្រឹម ១៥ភាគរយ ហើយចង់ឱ្យក្រុមហ៊ុនផលិតបន្ទះឈីប TSMC ប្តេជ្ញាសាងសង់សាខារបស់ខ្លួន យ៉ាងហោចណាស់ ៥ថែមទៀត នៅក្នុងរដ្ឋ Arizona៕



