ស៊ុយអែត ស្នើឱ្យមានការហាមប្រាមក្រុមហ៊ុន EU ពីការផ្តល់សេវាកម្មដល់ការដឹកជញ្ជូនប្រេងរុស្ស៉ី (Video inside)
13-01-2026 16:27
(ស្កុកខុល)៖ រដ្ឋមន្រ្តីការបរទេសស៊ុយអែត បាននិយាយថា សហភាពអឺរ៉ុប (EU) គួរតែហាមក្រុមហ៊ុននានា មិនឱ្យផ្តល់ការគាំទ្រណាមួយដល់កងនាវាដឹកជញ្ជូនប្រេង និងឧស្ម័នរុស្ស៉ី ហើយដាក់ទណ្ឌកម្មលើផលិតផលជីកសិកម្ម និងបញ្ឈប់ការនាំចេញទំនិញប្រណីតទៅរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦។
លោកស្រី Maria Malmer Stenergard បញ្ជាក់ថា «សម្ពាធលើរុស្ស៉ី ត្រូវតែបង្កើន»។ ដោយនិយាយពីកញ្ចប់ទណ្ឌកម្មបន្ទាប់ លោកស្រីបានលើកឡើងនូវការហាមប្រាម ក្រុមហ៊ុន EU ពីការផ្តល់សេវាកម្ម ទៅនាវាដឹកជញ្ជូនប្រេង ហ្គាស និងធ្យូងថ្មរុស្ស៉ីថា គួរតែគ្មានការដឹកជញ្ជូន លើក-ដាក់ទំនិញ ផ្តល់ធានារ៉ាប់រង និងជួសជុលកំពង់ផែឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្លុក EU កំពុងរៀបចំកញ្ចប់ទី ២០ នៃទណ្ឌកម្មប្រឆាំងរុស្ស៉ីជុំវិញសង្គ្រាមអ៊ុយក្រែន។ ទណ្ឌកម្មមុនៗ ផ្តោតយ៉ាងខ្លាំងទៅលើលុយហូរចូលតាមវិស័យប្រេង និងឧស្ម័ន ដែលជាប្រភពចំណូលចម្បងរបស់វិមានក្រឹមឡាំង៕



