ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំអាមេរិក សុំបញ្ចប់តំណែងមុនពេលកំណត់ (Video inside)
13-01-2026 15:53
(ស៉ីដនី)៖ លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនាថ្ងៃអង្គារនេះថា លោក Kevin Rudd ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅសហរដ្ឋអាមេរិក កំពុងចុះចេញពីដំណែង ពោលគឺលឿនជាងការរំពឹងទុក ១ឆ្នាំ ក្រោយរងការរិះគន់ពីប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦។
លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានថា លោក Rudd ដែលជាអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីផងនោះ នឹងបញ្ចប់តំណែងក្នុងខែមីនា ហើយត្រឡប់មកដឹកនាំក្រុមអ្នកវិភាគសង្គមអាស៉ីវិញ។ លោក Albanese គូសបញ្ជាក់ថា «អូស្ត្រាលី និងសហរដ្ឋអាមេរិក គឺជាមិត្តជិតស្និទ្ធបំផុត និងជាសម្ព័ន្ធមិត្ត ហើយរឿងនេះមិនផ្លាស់ប្តូរឡើយ។ យើងនឹងបន្តឆ្ពោះទៅមុខលើការងារសំខាន់ៗ ដែលលោក Kevin ធ្វើកន្លងមក»។
គួរបញ្ជាក់ថា លោក Rudd បានធ្លាប់រិះគន់ លោក ត្រាំ ជាច្រើនលើក មុនពេលក្លាយជាឯកអគ្គរដ្ឋទូតប្រចាំអាមេរិក។ អំឡុងទស្សនកិច្ចរបស់លោក Albanese នៅឯសេតវិមាន កាលពីខែតុលា លោក ត្រាំ បាននិយាយទៅកាន់លោក Rudd ថាខ្ញុំក៏មិនចូលចិត្តអ្នក ដូចគ្នា។
ទោះជាបញ្ចប់តួនាទី តែលោក Rudd នៅបន្តទទួលបន្ទុកការងារសម្រាប់កម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ AUKUS ដែលជាគម្រោងពារជាតិដ៏ធំបំផុតរបស់អូស្ត្រាលី ទទួលបានពីរដ្ឋបាល លោក ត្រាំ។ លោក Rudd ក៏បានចរចាកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកផងដែរ៕
