មេដឹកនាំឥណ្ឌូណេស៉ី លោក Prabowo បញ្ជាក់ការប្តេជ្ញាចំពោះគម្រោងរដ្ឋធានីថ្មី អំឡុងទស្សនកិច្ចលើកដំបូង ក្នុងនាមប្រធានាធិបតី (Video inside)
13-01-2026 15:35
(ហ្សាការតា)៖ មេដឹកនាំនៃប្រទេសឥណ្ឌូណេស៉ី លោក Prabowo Subianto បានគូសបញ្ជាក់ពីការប្តេជ្ញាចំពោះគម្រោងគិតជាទឹកប្រាក់ ៣២ពាន់លានដុល្លារ ដើម្បីសាងសង់រដ្ឋធានីថ្មីរបស់ប្រទេសអាស៊ានមួយនេះ ស្របពេលដែលរូបលោកបានទៅធ្វើទស្សនកិច្ចនៅទីនោះជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦។
សំណួរអំពីជោគវាសនានៃគម្រោងរដ្ឋធានីថ្មី Nusantara បាននៅអែអង់ចាប់តាំងតែពីលោក Prabowo បានឡើងកាន់តំណែង កាលពីខែតុលា ឆ្នាំ២០២៤មក។ គម្រោងនេះ គឺជាមរតករបស់អតីតប្រធានាធិបតី លោក Joko Widodo ដែលកាលពីឆ្នាំ២០១៩ បានប្រកាសពីផែនការរបស់លោក ក្នុងការរើផ្លាស់រដ្ឋធានីចេញទៅចម្ងាយប្រមាណ១២០០គីឡូម៉ែត្រ ពីទីក្រុងហ្សាការតានៅកោះជ្វា ដែលបច្ចុប្បន្នកំពុងតែជួបបញ្ហាកកស្ទះខ្លាំង និងលិចចូលទៅក្នុងសមុទ្រដោយសន្សឹមៗ។
ការសាងសង់ទីក្រុង Nusantara ដែលស្ថិតនៅលើកោះ Borneo ទើបតែបានចាប់ផ្តើមកាលពីឆ្នាំ២០២២ ក្រោយពន្យារពេល ដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ ហើយលោក Widodo បានខកខានសម្រេចគោលដៅផ្លាស់រដ្ឋាភិបាលទៅកាន់ទីនោះ នៅត្រឹមចុងអាណត្តិទី២ ដែលជាអាណត្តិកាន់អំណាចចុងក្រោយរបស់លោក កាលពីឆ្នាំ២០២៤។
កាលពីថ្ងៃចន្ទ ការិយាល័យរបស់លោក Prabowo បានចេញសេចក្តីថ្លែងការណ៍ថា ទស្សនកិច្ចរបស់លោក គឺជាជំហានដ៏សំខាន់មួយ ក្នុងដំណើរឆ្ពោះទៅកសាងទីក្រុងរដ្ឋធានី Nusantara ហើយវត្តមានរបស់លោកនាពេលនេះនៅទីនោះ ស្តែងឱ្យឃើញពីការប្តេជ្ញារបស់រដ្ឋាភិបាល ដើម្បីធានាថា ការអភិវឌ្ឍកំពុងប្រព្រឹត្តទៅស្របតាមផែនការ ហើយមាននិរន្តរភាព។
អាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍរដ្ឋធានី Nusantara ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកផងដែរថា ការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់ស្ថាប័ននិតីប្រតិបត្តិ គឺត្រូវបានរៀបចំរួចរាល់ហើយ។ មិនតែប៉ុណ្ណោះ ការសាងសង់កំពុងដំណើរការទៅ ដើម្បីសម្រេចតាមគោលដៅនៅឆ្នាំ២០២៧ សម្រាប់អគាររបស់ស្ថាប័ននីតិបញ្ញប្បត្តិនិងស្ថាប័នយុត្តិធម៌ របស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក Prabowo បានអនុម័តថវិកា៤៨.៨ទ្រីលានរូពី ឬស្មើនឹង២.៨៩ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់រដ្ឋធានី Nusantara រហូតដល់ឆ្នាំ២០២៩ ខណៈថវិកានោះមានទំហំត្រឹម៦០ភាគរយប៉ុណ្ណោះ នៃថវិកាដែលលោក Widodo បានចំណាយកាលពីចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៥ រដ្ឋាភិបាលលោក Prabowo មានកម្រិតឱនភាពថវិកាស្មើនឹង២.៩២%នៃ GDP ដែលជាគម្លាតដ៏ធំបំផុត គិតក្នុងរយៈពេល២ទសវត្សរ៍៕




